ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាទាញយកចំណូលពីអ្នកទេសចរណ៌អន្តរជាតិ បានជាង ៣លាន៦សែនដុល្លារអាមេរិក ខណៈដែលវិស័យទេសចរណ៍បានរួមចំណែកប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ដែលរៀបចំធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញថា ស្របពេលដែលប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាន៦សែននាក់ ក្នុងឆ្នាំ២០១៧កន្លងទៅ កម្ពុជាបានទទួលចំណូលជាង ៣លាន៦សែនដុល្លារអាមេរិក គឺកើនឡើង ១៣,៣% បើធៀបនឹងចំណូលទេសចរណ៌ឆ្នាំ២០១៦។
ក្រៅពីអ្នកទេសចរណ៌អន្តរជាតិ ក៏មានអ្នកទេសចរក្នុងស្រុកប្រមាណ ១១លាននាក់ ផងដែរដែលចូលរួមចំណែកក្នុងវិស័យទេសចរណ៌កម្ពុជាក្នុងឆ្នាំ២០១៧កន្លងមកនេះ។ ទន្ទឹមនេះ អ្នកទេសចរកម្ពុជាដែលចេញទៅទស្សនានៅក្រៅប្រទេស ក៏មានការកើនឡើងដល់ទៅជាង ១លាន៧សែននាក់ផងដែរ ក្នុងឆ្នាំ២០១៧។ ឯកឧត្តម ថោង ខុន បញ្ជាក់ថា វិស័យទេសចរណ៍ តំណាងអោយប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា ហើយបានរួមចំណែកប្រមាណ ១២,៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានឡើកឡើងផងដែរថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ ដោយឈរលើទស្សនៈទានកម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតងប្រកបដោយភាពទាក់ទាញ និង គុណភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានស្នើដល់ក្រសួងទេសចរណ៍ គួរមានវិធានការប្រឈមនឹងការកើនឡើងនៃអ្នកទេសចរបរទេសពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ត្រូវយកចិតទុកដាក់បណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៌ ទាំងភាសា ទាំងការយល់ដឹងពី ប្រវត្តិសាស្ត្ររបស់កម្ពុជាអោយបានច្បាស់លាស់។
វិធានការទាំងនេះ នឹងឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរន៌អន្តរជាតិ តាមការរំពឹងទុក ដូចជាទេសចរចិន ដែលនឹងកើនឡើងដល់ ២លាននាក់ក្នុងឆ្នាំ២០២០ ខណៈដែលទេសចរអន្តរជាតិ រំពឹងថានឹងកើនឡើង ដល់ប្រមាណ៦លាន១សែននាក់នៅឆ្នាំ២០១៨! កើនដល់៧លាននាក់ក្នុងឆ្នាំ ២០២០ និង កើនដល់១៥លាននាក់ក្នុងឆ្នាំ២០៣០៕