កងពលតូច​លេខ​៧០ ប្តេជ្ញា​មិនឱ្យ​កើតមាន​បញ្ហា​គ្រឿងញៀន​នៅក្នុង​អង្គភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2018 ក+ ក-

​ភ្នំពេញ ៖ មេបញ្ជាការ មេបញ្ជាការ​ង នៃ​កងពលតូច​លេខ​៧០ បាន​អះអាងថា អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​លើកឡើងថា​” ក្នុង​ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ គឺ​មិន​ត្រូវមាន​គ្រឿងញៀន​នោះទេ​។ តាមរយៈ​នេះ កងពលតូច​លេខ​៧០ គឺ​មិន​អនុញ្ញាតិ​ឱ្យមាន​បញ្ហា​គ្រឿងញៀន កើតមាន​នៅក្នុង​អង្គភាព​ជាដាច់ខាត ហើយក៏​មិនមាន​ការលើកលែង បើសិនជា​រកឃើញថា មាន​យោធិន​ណា ប្រព្រឹត្តិ​គ្រឿងញៀន​នៅក្នុង​អង្គភាព​”​។

​កញ្ញា វរសេនីយ៍ទោ យុង ខេមរា នាយរង​សេនាធិការ និង​ជា​នាយការិយាល័យ​ទី​៥ ទទួល​ការងារ អប់រំ ផ្សព្វផ្សាយ និង​នយោបាយ នៃ​កងពលតូច​លេខ​៧០ បានឱ្យដឹង​បែបនេះ នៅក្រោយ​ពិធី​បើក​យុទ្ធនាការ ប្រ​យុ​ត្តិ​ប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ “​កងពលតូច​លេខ​៧០ គ្មាន​គ្រឿងញៀន​” ដែល​បាន​ប្រារ​ព​ធ្វើ​នៅ ទីបញ្ជាការ​កងពលតូច​លេខ​៧០ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៨​នេះ​។​

​នាយរង​សេនាធិការ​រូបនេះ​បន្តថា ដោយ​មើលឃើញថា អ្នក​សេប​គ្រឿងញៀន និង​អ្នករងគ្រោះ​ដោយ​គ្រឿងញៀន បាននិងកំពុង​រីករាយ​ដាល​គួរឱ្យកត់សម្គាល់ បើទោះជា​មានការ​អន្តរាគមន៍ ទប់ស្កាត់ ពី​ស្ថាប័ន​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ ។ ដូច្នេះហើយ​បានជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាចក្រែង​គ្រឿងញៀន​ជ្រៀតចូល​ទៅតាម​អង្គភាព ជាពិសេស​នៅក្នុង​ជួរ​យោធិន នៃ​កងពលតូច​លេខ​៧០​នេះ ទើប​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន និង​ផលប៉ះពាល់​ពី​គ្រឿងញៀន ដល់​យោធិន ឱ្យបាន​យល់ដឹង​កាន់តែច្បាស់ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​ក្រឿងញៀន​។​

​ចំណែក លោក ឧ​ត្ត​ម​សេនីយ៍​ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានលើកឡើង​នៅក្នុង​ពិធី បើក​យុទ្ធនាការ​នេះ​ថា អាជ្ញាធរ​ជាតិ ពិត​ជាមាន​មោទនភាព ចំពោះ កងពលតូច​លេខ​៧០ ដែល​បាន​ចូលរួម​បង្កើតឱ្យមាន​យុទ្ធនាការ​ផ្សព្វផ្សាយ អប់រំ អំពី បញ្ហា​គ្រឿងញៀន ដល់​យោធិន ឱ្យបាន​យល់ និង ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​លោក​បញ្ជាក់ថា រហូតមកទល់​ពេលនេះ បញ្ហា​គ្រឿងញៀន​នៅក្នុង​កម្រិត​អន្តរជាតិ មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ។ សម្រាប់​កម្ពុជា បើទោះជា​រាជរដ្ឋាភិបាល​កម្ពុជា បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឆ្នាំ​កន្លងទៅ នឹង​កំពុង​បន្ត​ក្នុង​ឆ្នាំ​២០១៨ យ៉ាងណាក៏ដោយ ក៏​បញ្ហា​នេះ កំពុង​កក្រើក នឹង​បន្ត​កើតមានឡើង ហើយ​នៅក្នុង​បណ្តា​ប្រទេស​ជិតៗ​ខាង​កម្ពុជា​ក៏​បន្ត​ការកើនឡើង​ផងដែរ​។​

​លោក​បញ្ជាក់ថា តាមរយៈ​ការ​បូកសរុប​យុទ្ធនាការ​ក្នុង​ឆ្នាំ​កន្លងទៅ ឃើញថា មានការ​ថយចុះ ប៉ុន្តែ​ជា​បទពិសោធន៍​នៅលើ​សកលលោក បើ​ប្រទេស​ណា​មានការ​វាយលុក​ដោយ​គ្រឿងញៀន​ហើយ មិន​ងាយ​និង​លុបបំបាត់​បញ្ហា​នោះ​ឱ្យមក​សេ​រ៉ូ​វិញ​បានទេ​។ សំខាន់បំផុត​គឺ​រក​យន្តការ​ទប់ស្កាត់ កំ​ឱ្យ​រីករាយ​ដាល​បន្ថែមទៀត ទៅដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​និង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ នោះ​គឺជា​ជោគជ័យ​ដែល​ត្រូវ​ដោះស្រាយ​ចំ​បោះ​មុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហែម ថា មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើ​ជើង​លេខ​៧០ មានប្រសាសន៍ថា ដោយសារតែ​ឃើញ​បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន ថ្នាក់ដឹកនាំ​ក្នុង​អង្គភាព មានការ​ព្រួយបារម្ភ​ខ្លាច​គ្រឿងញៀន ជ្រាប​ចូលមកក្នុង​អង្គភាព​។ ព្រោះថា កន្លងមកនេះ បាន​រកឃើញ​យោធិន ដែល​សេប​គ្រឿងញៀន និង​បាន​បណ្តេញចេញ​ភ្លាមៗ ដើម្បី ចៀសវាង​ការអូសទាញ យោធិន​ដទៃទៀត​ឱ្យ​ប្រព្រឹត្ត​តាម​អំពើ​ខុសច្បាប់​នេះ​។ ក្រៅពីនេះ យើង​បាន​បំផុស​ឱ្យ មានការ​ហ្វឹកហាត់ លេង​កីឡា លេងល្បែង​កំសាន្ត ការរាំរែក និង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ នានា ដល់​យោធិន ដើម្បី​ជៀសវាង​ចំនាយ​ពេលវេលា​ប្រព្រឹត្ត​អមពើ​ខុសឆ្គង​ក្នុងសង្គម​៕​