ខេត្តក្រចេះ៖ ប្រធានមន្ទីរជលផលខេត្តក្រចេះ បានអំពាវនាវសាជាថ្មីទៀត នៅថ្ងៃទី១ ខែមីនានេះថាសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំបរិភោគត្រីក្រពត៥ប្រភេទ ក្នុងចំណោមត្រីក្រពត ១០ប្រភេទ ដែលកំពុងរស់នៅតាមដងទន្លេ តាមបឹងបួល តាមព្រែក ព្រោះថាត្រីក្រពតទាំង៥ប្រភេទនេះ មានជាតិពុល អាចបណ្ដាលឱ្យអ្នកដែលបរិភោគ មានជំងឺធ្ងន់ធ្ងរ និងអាចរហូតដល់ស្លាប់បាន។
ការអំពាវនាវរបស់ លោក សៀន គិន ប្រធានមន្ទីរជលផលខេត្តក្រចេះ ក្រោយពេលពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ម្នាក់បានស្លាប់ នឹងជាច្រើននាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេបានបរិភោគត្រីក្រពតនេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមកទៅនេះ។
លោកបានបន្តថា ត្រីក្រពតដែលមានសារធាតុពុលទាំង៥ប្រភេទនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវបន្តពូជពងកូន ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពងរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។
លោកបញ្ជាក់ថា បើយោងតាមការស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទបានរកឃើញថា នៅប្រទេសកម្ពុជាមានត្រីក្រពតចំនួន១០ប្រភេទ ក្នុងនោះមាន៥ប្រភេទ មានសារធាតុពុល ។ សារធាតុនោះមានឈ្មោះថា Tetrodotoxinsជាប្រភេទសារធាតុពុលប្រព័ន្ឋសរសៃប្រសាទ ដែលជាប្រភេទសារធាតុពុលខ្លាំង មិនរលាយដោយសារធារតុការចម្អិននោះទេ ។ ក្រពតទាំង៥ប្រភេទនោះគឺ ក្រពតកូសាំងស៊ីន ក្រពតអុចធំ ក្រពតភ្នែកក្រហម ក្រពតអុចបៃតង និង ក្រពតខ្មៅ ។
ពពួកក្រុមត្រីក្រពតទាំងនេះ គឺមានសារធាតុពុលប្រែប្រួកទៅរដូវកាល គឺកំរិតពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាចាប់ពីខែកុម្ភៈដល់ខែកញ្ញា ។ ចំពោះអ្នកដែលបរិភោគត្រីក្រពតទាំង៥ប្រភេទនេះ គឺមានអការៈ ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុងដៃជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឱ្យស្លាប់តែម្តង ។
ការពុលត្រីក្រពតរហូតបង្កឱ្យមានមនុស្សស្លាប់ម្តងទៀតនេះ បានកើតមាន ឡើងដល់អ្នកភូមិរស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅពេលដែលសាកសពរបស់បុរសរងគ្រោះម្នាក់ឈ្មោះ ខាត់ ខាន់ អាយុ៥៧ឆ្នាំ ត្រូវបានបញ្ជូនពីមន្ទីរ ពេទ្យស្រុកមេម៉ត់ មកដល់លំនៅឋានវិញ។ចំនែកឯស្ត្រីជាប្រពន្ឋអាយុ៥៧ឆ្នាំ និងកូនស្រីអាយ១៨ឆ្នាំ ក៏ដូចជាអ្នកភូមិមួយចំនួនទៀត បានកើតអការៈពុលដូចគ្នាតែមិនប៉ះពាល់ដល់អាយុជីវិត ហើយក៏បានបញ្ជូនទៅសង្គ្រោះនៅនិងមន្ទីរពេទ្យស្រុកមេម៉ត់ដូចគ្នា។
យោយតាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋានបាននិយាយថា ការពុលរបស់អ្នកភូមិនេះគឺផ្តើមចេញដោយសារតែពុលត្រីក្រពត។ ហើយត្រីក្រពតដែលពួកគាត់ យកមកចែកគ្នាអាំងហូបនេះ គឺបានមកពីការនេសាទនៅព្រែកខាងក្រោយភូមិ។ ចំនែកឯបុរស រងគ្រោះបានពុលរហូតដល់ស្លាប់ ក៏ដោយសារតែគាត់បានហូបត្រីក្រពតដែលពុលនោះច្រើន ជាងគេទើបមានអការៈពុលធ្ងន់ធ្ងរមិនអាចជួយបាន។ បន្ទាប់ពីមានហេតុការនេះ អាជ្ញាធរបានចុះទៅធ្វើការពិសោធន៍ និងបានយកសាច់ត្រីក្រពត ដែលសង្ស័យថាពុលដែលនៅសល់ដាក់ឱ្យមាន់និងឆ្កែស៊ី បន្ទាប់ពីស៊ីរួចក៏ប្រកាច់ងាប់ភ្លាមៗតែម្តង៕