ចាប់​ជន​គប់​គ្រាប់បែក​ច្នៃ​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​ឧត្រមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត នា​រសៀល​ថ្ងៃទី ២ ខែមីនា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​ច្នៃ បំផ្ទុះ​ទៅក្នុង​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ នៅ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ពាក់ព័ន្ធ​ករណី​ខាងលើ សមត្ថកិច្ច​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងកា​ការ​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ អស់​រយពេល​ជាច្រើន​ថ្ងៃ ទើប​កំណត់ មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ាន់ តឿ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ក្នុងការ​ចុះបង្ក្រាប កំលាំង​ជំនាញ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ រកឃើញ​គ្រាប់បែកដៃ​លាក់ទុក​ចំនួន​១​គ្រាប់ កាំភ្លើង​កែឆ្នៃ​ចំនួន ១​ដើម និង​រំសេវ​ពណ៌​ខ្មៅ​សម្រាប់​ឆ្នៃ​គ្រាប់​០១ ដប​(M១៥០ ទម្ងន់ ១០​ក្រាម​) ។ ហើយ​កំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​កំពុងតែ​កសាង​សំណុំរឿង​ដើម្បី បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​នា​រសៀល​ដដែល​។​

​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​ទំនប់​ដាច់​ភូមិ​ទួល​ពង្ររ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​ជនសង្ស័យ បាន​គប់​គ្រាប់បែក​ប្រភេទ​ច្នៃ ចូលក្នុង​ផ្ទះ​លក់​អីវ៉ាន់​ចាបហួយ ដែល​ផ្ទុះ បណ្តាលអោយ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជួប ឈុន អាយុ ៤៥​ឆ្នាំ​មុខរបរ​អាជីវករ បាន​រងរបួស​ស្រាល​៕