សៀមរាម ៖ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរខួបអនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ»កាលពីព្រឹកថ្ងៃទី០៣ ខែមីនានេះ ។
បន្ទាប់ពីអានព្រះរាជសាររបស់សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលផ្ញើជូនកូនចៅ ចៅទួត រួចមក លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលជួយស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី នាពេលនេះ គឺស្តែងចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការលើកកំពស់សិទ្ធិ សេរីភាពរបស់ស្ត្រី។
លោកជំទាវ មានប្រសាសន៍បន្តថា ជាមួយគ្នានេះកត្តាសន្តិភាព បានធ្វើឲ្យស្ត្រី មានឱកាសគ្រប់យ៉ាងចូលរួមគ្រប់សកម្មភាពសង្គម ហើយត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នង នៃករអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ទៀតផង។ ជាក់ស្តែង មន្ត្រីរាជការ ជាស្ត្រីនៅកម្ពុជា បច្ចុប្បន្នឡើងដល់ចំនួន ៤១ % លើសពីការកំណត់តាមស្តង់ដារអន្តរជាតិ ត្រឹម ៣០% ប៉ុណ្ណោះ។
ការជ្រើសរើស ប្រធានបទស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសុខសន្តិភាព ដោយលំបាក ដែលយើង ទាំងអស់គ្នាទាំងស្ត្រី ទាំងបុរសត្រូវរួមគ្នាថែរក្សាឲ្យបាន។
លោកជំទាវ ឯម ផល្លាមុន្នី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រដ្ឋាភិបាល បានយកចិត្តទុកដាក់ជាចំបងទៅលើតួនាទីរបស់ស្ត្រី ដោយបានបង្កើតជាសមាគមនារីតាំងពីពេលនោះមក ជាមួយនិងរំលឹកខួប ទិវានារីអន្តរជាតិ៨មីនាជារៀងដរាបមក ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារី ទូទាំងពិភពលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព តួនាទីរបស់ស្ត្រី ឲ្យទទួលបាននូវអ្វីៗដែល នារីបានបាត់បង់ជាយូរអង្វែងណាស់មកហើយ ។
លោកជំទាវបន្តថា ក្នុងគោលការណ៍លើកកំពស់សមភាព យេនឌ័រ ដែលបុរស និងស្ត្រី ទទួលបានសិទ្ធិស្មើគ្នារួចហើយនោះ ការសហការ យោគយល់ សាមគ្គីរវាងគ្នានិងគ្នា ក្នុងការបំពេញកិច្ចការនានានឹងសម្រេចបានជោគជ័យ៕