កោះកុង ៖ ព្រឹទ្ធាចារ្យ សាយ ភូថង គឺជាឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកកសាង និងដឹកនាំគណបក្សតាំងពីក្នុងដំណាក់កាលតស៊ូរំដោះ
ប្រទេសជាតិពីរបបអាណានិគម និងចក្រពត្តិនិយម ជាពិសេសការចូលរួមចំណែក
របស់ព្រឹទ្ធាចារ្យ ក្នុងដំណើរការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមកសាងប្រទេសជាតិតាំងពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់ឆាកជីវិតចុងក្រោយ ដើម្បីនាំមកនូវកម្ពុជាមួយមានការអភិវឌ្ឍ ដូចសព្វថ្ងៃ។
ដើម្បីជាការចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់ ព្រឹទ្ធាចារ្យ ហើយចាត់ទុកព្រឹទ្ធាចារ្យ ជាវីរជនដ៏ឧត្តុង្គឧត្តមរបស់បក្សប្រជាជនកម្ពុជា និងរបស់ប្រទេសជាតិទាំងមូល រូបសំណាកព្រឹទ្ធាចារ្យ សាយ ភូថង និងវិថី សាយ ភូថង ព្រមទាំងចេតិយតម្កល់អដ្ឋិធាតុរបស់ព្រឹទ្ធាចារ្យ និងលោកជំទាវ ត្រូវបានសាងសង់ឡើង នៅលើទឹកដីនៃខេត្តកោះកុង ដែលជាទឹកដីកំណើតរបស់ព្រឹទ្ធាចារ្យ និងបានធ្វើពិធី
សម្ពោធ និងបុណ្យឆ្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ ដោយក្នុងឱកាសនេះ សម្តេចពញាចក្រីបានអបអរសាទរ កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេង ដែលកើតឡើងនៅទីនេះថាពិតជា ធម្មនុញ្ញផលប្រសូត្រចេញពីជំនឿ និងការលះបង់របស់ព្រឹទ្ធាចារ្យ សាយ ភូថង និង លោកជំទាវ ខ ភូថង ព្រមទាំងក្រុមគ្រួសារ ដើម្បីប្រទេសជាតិ និងប្រជាជន។
សម្តេចបាន គូសបញ្ជាក់ថា សន្តិភាព គឺជាកត្តាសំខាន់បំផុតដើម្បីធានាដល់ដំណើរការកសាងលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។ ក្នុងន័យនេះ ប្រសិនជាបាត់បង់សន្តិភាពនោះ ប្រទេសជាតិយើងនឹង
បាត់បង់អ្វីៗទាំងអស់ ដែលយើងបានប្រឹងប្រែងរួមគ្នា ជាមួយគណបក្សប្រជាជន កម្ពុជាក្នុងការស្តារ និងកសាងប្រទេសចេញពីចំណុចសូន្យ ដោយត្រូវប្រឈមបញ្ហា និងត្រូវហែលឆ្លងឧបសគ្គរាប់រយជំពូកដើម្បីដឹកនាំនាវាកម្ពុជាមកកាន់ត្រើយសុខសន្តិភាព និងវឌ្ឍនភាពដូចបច្ចុប្បន្ន។
សម្តេចពញាចក្រីបានបន្ថែមថា ក្នុងរយៈពេល២០ឆ្នាំ
ចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាក្រៅពីជោគជ័យលើការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរួមមាន ការអនុវត្តច្បាប់ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ បំផុតបើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ គឺយើងបានធ្វើសមាហរណកម្មខ្លួន យ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅដែលមានភាពទាក់ទាញបំផុតសម្រាប់វិស័យទេសចរណ៍ និងវិនិយោគ។
ក្នុងឱកាសនេះសម្តេចបានណែនាំដល់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្តផ្សាភ្ជាប់ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយចុះជួបសាកសួរសុខទុក្ខ និងជួយដល់ ប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន ខិតខំបម្រើសេវាផ្សេងៗ ដោយមិនរើសអើង ទាំង សេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ ដើម្បីទាក់ទាញបាននូវទឹកចិត្តស្រឡាញ់ គាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងខែកក្កដាខាងមុខនេះ ដើម្បី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនរុងរឿងបន្តទៅមុខទៀត។
បើតាមលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានអោយដឹងថា រូប សំណាក វីរជន សាយ ភូថង បានចាប់ផ្តើមកសាងពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ និង បានរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាអស់ចំនួន ៨០ពាន់ដុល្លារអាមេរិក ហើយចំពោះចេតិយតម្កល់ធាតុ វីរជន សាយ ភូថង និងលោក ជំទាវ ខ ភូថង បានចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៣៥០ពាន់ដុល្លារអាមេ រិក។ ដោយឡែកវិថី សាយ ភូថង ដែលមានប្រវែង ៦៨គីឡូម៉ែត្រ ទទឹង ២៣ម៉ែត្រ ចាប់ពីចំណុចរូបសំណាក ដែលស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ រហូតទៅដល់ចំណុចកូនកុក ក្នុងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលបានចាប់ផ្តើមសាងសង់ពីឆ្នាំ២០០៨ និងបានបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០១៥ ចំណាយថវិកាសរុបចំនួន ១៥៣លានដុល្លារអាមេរិក។
សូមជម្រាបជូនថា៖ វីរជន សាយ ភូថង កើតនៅក្នុងឆ្នាំ១៩២០ នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ពីឆ្នាំ១៩៤៦ ដល់ ១៩៥៣ វីរជន សាយ ភូថង បានដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ប្រឆាំងនឹងអាណានិគមបារាំង ពីឆ្នាំ១៩៧០ ដល់ ១៩៧៤ ដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ប្រឆាំងនឹងចក្រពត្តិ និយមអាមេរិច ពីឆ្នាំ១៩៧៤ ដល់ ១៩៧៩ ដឹកនាំចលនាតស៊ូនៅខេត្តកោះកុង ក្រោក ឡើងចាប់អាវុធប្រឆាំងនឹងរបប ប៉ុល ពត ហើយចាប់ពីឆ្នាំ១៩៧៩ ដល់ ២០១៦ មាន តួនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕