ស្ទឹងត្រែង ៖ បុរសជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួននៅចំនុច ព្រំដែន ក្នុងខេត្តស្ទឹងត្រែង ជាប់ខេត្តចំប៉ាសាក់ប្រទេសឡាវ ដោយដកហូតបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ប្រមាណ ៣០ គីឡូក្រាម។
បើតាមមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ថា នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងគ្រឿងញៀនបានចាត់តាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែននៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ដោយចាប់យកវត្ថុតាង រួមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម ។
សូមបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពិធីបូកសរុបការងារបង្ក្រាប គ្រឿងញៀនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា“សមត្ថកិច្ចណាបង្ក្រាបបានគ្រឿងញៀន១គីឡូក្រាមយើងផ្តល់រង្វាន់៤០លានរៀលស្មើ១ម៉ឺនដុល្លារ” ដូច្នេះលើកនេះថ្នាំញៀន៣០គីឡូក្រាមរង្វាន់ក៏៏៣០ម៉ឺនដែរ៕