អាអាជ្ញាធរចុះ​បិទការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​ប្រាំនៅឆ្នេរ​អូរ​ឈើទាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ អាជ្ញាធរ​ក្រុងព្រះសីហនុ បានចេញ​លិខិត​ផ្អាក​ការដ្ឋាន​សំណង់​សង់​អត់​ច្បាប់​មួយកន្លែង មាន​ទីតាំង​នៅតាម​ឆ្នេរ​អូរ​ឈើទាល មាន​ទីតាំង​នៅជាប់​គេហដ្ឋាន​លំហែកាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នា​ព្រឹក ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៨ ម្សិល​នេះ​។​

លិខិត​ចុះ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ជម្រាបជូន លោក លី ឡាយ ម្ចាស់​ការដ្ឋាន​សំណង់​ផ្លូវ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ដាក់​គ្រឿងចក្រ​គ្រោង​សាងសង់​សំណង់ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​សាងសង់ ពី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះទេ​។ ដូច្នេះ​រដ្ឋបាល​ក្រុងព្រះសីហនុ សូម​បិទ​ការដ្ឋាន​គម្រោង​សាងសង់​សំណង់​គ្រប់​ប្រភេទ របស់លោក ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ នឹងត្រូវ​អនុវត្តតាម​លក្ខខណ្ឌ​ដូច​ខាង ក្រោម​៖
១- ត្រូវ​បញ្ឈប់​គម្រោង​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ជា​បន្ទាប់​។​
២- ត្រូវ​រុះរើ​របង​ព័ទ្ធ​ការដ្ឋាន​លើដី​ចំណី​ឆ្នេរ និង​លើដី​ចិញ្ចើមផ្លូវ​សាធារណៈ​ចេញ​។​
៣- ត្រូវ​ដឹក​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​ចេញពី​ការដ្ឋាន​។​
​រដ្ឋបាល​ក្រុង​សង្កត់ធ្ងន់ថា ក្នុងករណី​លោក លី ឡាយ មិន​ព្រម​អនុវត្តតាម​ខ្លឹមសារ​លិខិត​ខាងលើនេះ​ទេ រដ្ឋបាល​ក្រុងព្រះសីហនុ នឹង​ចុះ​រឹបអូស និង​ដកហូត​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​សំណង់ យកមក​រក្សាទុក​នៅ​សាលាក្រុង ដោយ​មិន​ទទួលខុសត្រូវ នូវ​ការខូចខាត និង​បាត់បង់​ព្រ​ទ្យ​សម្បត្តិ​របស់លោក​ឡើយ​។​

​តាម​ការកត់សម្គាល់ ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែមីនា ឆ្នាំ​២០១៨ ឃើញ​មាន​សកម្មភាព​រុះរើ​ការដ្ឋាន​សំណង់​ខាងលើ​យ៉ាង​ឆាប់រ​ហ័យ ដោយមាន​វត្ត លោក អ៊ី សុខ​ឡង អភិបាលក្រុង​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​ចូលរួម​ពិនិត្យមើល​ការរុះរើ​សំណង់​ទាំងនោះ​។​

ការផ្អាក​ការដ្ឋាន​សំណង់​ខាងលើនេះ គឺ​បាន​កើតឡើង​ក្រោយពេល សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២ ខែមីនា បាន​អញ្ជើញ​លំហែ នៅតាម​ឆ្នេរ​អូរ​ឈើទាល ហើយ​ទំនងជា​ឃើញ​សំណង់​កំពុង​សាងសង់​នៅជាប់​ឆ្នេរសមុទ្រ ឆ្នេរ​អូរ​ឈើទាល​នេះ កំពុង​សាងសង់​នៅ​លើដី​ចំណី​ឆ្នេរ សមុទ្រ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​ធ្ងន់ធ្ងរ​។​
​ទាក់ទិន​បញ្ហា​នេះ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​សម្តេច​ប្រមុខ​ដឹកនាំ ត្រូវយក​ទីធ្លា​បរិវេណ​ដី​ការដ្ឋាន​សំណង់ មាន​ទីតាំងនៅ អតីត​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ខាងលើនេះ ដើម្បី​យកទៅ​អភិវឌ្ឍ​ជា​សួនច្បារ​សាធារណៈ ទុក​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចូលទៅ​កម្សាន្ត វិញ​ប្រសើរ​ជាង​៕