ខេត្តរតនគិរី ៖ ដីព្រៃរបស់រដ្ឋ ដែលបានដកហូត កាត់ចេញពីក្រុមហ៊ុន ជាំង លី ក្នុងអំឡុងឆ្នាំ២០១៧ ត្រូវបានមន្ត្រីអាជ្ញាធរក្នុងស្រុកអណ្ដូងមាស ឃុបឃិតគ្នាជាលក្ខណៈព័ន្ធ ជាមួយមន្ត្រីជំនាញ ឈូសឆាយចែកគ្នា ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ដីព្រៃកាត់ចេញពីក្រុមហ៊ុន ជាំង លី ដែលគេលួចឈូសឆាយនោះ ស្ថិតក្នុងភូមិដាល ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលជាដីព្រៃរបស់រដ្ឋកាត់ចេញពីក្រុមហ៊ុន ជាំង លី កាលពីឆ្នាំ២០១៧ ។ ហើយត្រូវមន្ត្រីជំនាញរដ្ឋាបាលព្រៃឈើ សហការណ៍ជាមួយអាជ្ញាធរស្រុកអណ្ដូងមាសចុះ ឃាត់បានទាំងភស្ដុតាងគ្រឿងចក្រ ៣គ្រឿង អាអ៊ិចអេស្កាវ៉ាទ័រ ពណ៌លឿងមួយគ្រឿង .អាប៊ុល ពណ៌លឿងពីរគ្រឿង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នោះ បច្ចុប្បន្ន គ្រឿងចក្រទាំងបីគ្រឿង កំពង់ធ្វើសកម្មភាពឈូសឆាយ ដុតដីព្រៃនៅតំបន់យ៉ាងរង្គៀល។
បើតាមប្រភពពីមន្ត្រីស្រុកអណ្ដូងមាសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុន ជាំង លី មានផ្ទៃដីវិនិយោគដាំដំណាំកៅស៊ូ ១៩០០ហិតា ស្ថិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ចាប់តាំងពីក្រុមហ៊ុននេះ ធ្វើវិនិយោគលើផ្ទៃនេះច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែផ្ទៃដីដាំដុះដើមកៅស៊ូបាន តែ២០០ហិតាតែប៉ុណ្ណោះ។ ដូច្នេះហើយរាជរដ្ឋាភិបាល បានសម្រេចកាត់ចេញ១៧០០ហិតា ទុកតែដីមានដំណាំកៅស៊ូ២០០ហិតាឲ្យក្រុមហ៊ុន។ ដោយឡែកមន្ត្រីក្នុងស្រុកអណ្ដូងមាសមួយចំនួន ដឹងហេតុការណ៍នេះច្បាស់ ក៏ឈ្លាតឳកាសឃុបឃិតគ្នា យកគ្រឿងចក្រ មកដាក់ឈូសឆាយព្រៃយកដីចែកគ្នាកាន់កាប់ ដោយខុសច្បាប់។
តាមការឲ្យដឹងពីលោក ខេន សានីត អភិបាលស្រុកអណ្ដូងមាសថា បន្ទាប់ពីមានករណីខាងលើនេះ ជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំងមន្ទីរកសិកម្ម ចុះមកសហការណ៍ជាមួយអាជ្ញាធរស្រុក ធ្វើការហាមឃាត់និងចាប់ឃាត់គ្រឿងចក្រចំនួន ៣គ្រឿង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨។ លោកបានបន្តថា នៅក្នុងខែមករា ឆ្នាំ២០១៨ ដដែល ខាងជំនាញរដ្ឋបាលព្រៃឈើ បានចុះមកឲ្យជនល្មើសធ្វើកិច្ចសន្យាបញ្ឈប់ការរានដីព្រៃនេះម្ដងទៀ ក៏ប៉ុន្តែរហូតដល់ពេលនេះលោកមិនបានដឹងទេ។
ជុំវិញករណី គ្រឿងចក្រ ៣គ្រឿង ដែលខាងមន្ទីរកសិកម្ម និងជំនាញរដ្ឋបាលព្រៃឈើចុះទៅចាប់ឃាត់រក្សាទុកនៅកន្លែងដដែល ហើយគ្រឿងចក្របន្តសកម្មភាពឈូសឆាយយកដីខាងលើនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺំណាមួយពីលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរីបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក៕