ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​”​សាទរ​មរតក​ដូនតា​”​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣-១៦​មេសា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2018 ក+ ក-

​សៀមរាប ៖ សម្រាប់​ការ​ប្រារព្ធ​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨​នេះ ដែលជា​ព្រឹ​ត្ដិ​ការណ៍​រៀបចំឡើង​ដើម្បី អបអរសាទរ​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នោះ ត្រូវបាន​ជ្រើស​រើសយក​ប្រធាន​”​សាទរ​មរតក​ដូនតា​”​។ ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺ​ក្នុង​គោលបំណង​លើកយក​នូវ​កេរ្តិ៍​តំណែង​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​រំ​លេចឡើង ជា​ផ្ទាំងទស្សនីយភាព​វប្បធម៌​នានា​ជាច្រើន​មក​បង្ហាញជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ​។​
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) នៅ​ថ្ងៃទី​៦ ខែមីនា​នេះ បានប្រកាស​ជា​ផ្លូវការ​នូវ​ដំណើរការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​សាទរ​មរតក​ដូនតា​”​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ឧទ្យាន​ជាតិ​អង្គរ ខេត្ដ​សៀមរាប​។ ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺមាន​បំណង​លើកយក​នូវ​កេរ្តិ៍​តំណែង​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​រំ​លេចឡើង ជា​ផ្ទាំងទស្សនីយភាព​វប្បធម៌​នានា​ជាច្រើន​។

​ឯកឧត្ដម​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិ​ប​ត្ដិ​នៃ​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​មិញ​នេះ ថា ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ជា​ព្រឹ​ត្ដិ​ការណ៍ ដែល​រៀបចំឡើង​ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ផ្ដល់នូវ​ការសប្បាយរីករាយ​ជួបជុំគ្នា តាមរយៈ​ការបង្ហាញ​អំពី​ល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី ទំនៀមទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ សិល្បៈ​ទស្សនីយភាព​ផ្សេងៗ ដែល​សម្ដែង​ដោយ​យុវជន យុវនារី សិល្បករ​ខ្មែរ រួមជាមួយ​នឹង​ការ​លើកយក​នូវ​កេរ្តិ៍​តំណែង​អរិយធម៌ និង​ស្នាដៃ​នានា​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​តាំងពី​យូរលង់​មក​នោះ មក​រំលេច​ឡើងជា​ផ្ទាំងទស្សនីយភាព​ថ្មីៗ និង​ប្លែក​អស្ចារ្យ ដើម្បី​ដាក់​បង្ហាញជូន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​ចូលរួម​ទស្សនា​កម្សាន្ត​លើទឹក​ដី​នៃ​ខេត្ដ​សៀមរាប​។

​បើតាម​ឯកឧត្ដម​ហ៊ុន ម៉ា​នី ក៏បាន​បញ្ជាក់​ដែរ ថា ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ក៏​ធ្វើ​ឲ្យ​មានការ​ចំណេញ​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​។ ព្រោះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ បានបង្ហាញ ថា ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ម៉ឺន​នាក់ និង​ធ្វើ​ឲ្យ​ចំណូល​សេដ្ឋកិច្ចជាតិ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ថែមទៀត​។

​ចំណែក​ឯកឧត្ដម​សុខ សប្បាយ​ណា ប្រធាន​លេខ​ធិ​ការដ្ឋាន​ក្រុមការងារ​ប្រតិ​ប​ត្ដិ​នៃ​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន បាន​ឲ្យ​ដឹង​ដែរ ថា នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា​ខាងមុខនេះ នឹងមាន​កម្មវិធី​ជាច្រើន ដែល​សុទ្ធសឹងតែ​ឆ្លុះបញ្ចាំង​ពី​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ក៏ដូចជា​កម្មវិធី​មហោស្រព​វប្បធម៌​បុរាណ ក្រោម​ទិដ្ឋភាព​កម្មវិធី​ល្ខោន​ព្រះរាជ​ទ្រព្យ​រឿង​”​មហា​វេស្សន្តរជាតក​”​ជា​ផ្ទាំងទស្សនីយភាព​យ៉ាង​ពិសេស ដែល​ដកស្រង់​ចេញពី​គម្ពី​ទសជាតក ដែលជា​ជាតិ​ចុងក្រោយ​របស់​ព្រះសម្មាសម្ពុទ្ធ​មក​សម្ដែង​ផងដែរ​។

​ក្រៅពី​កម្មវិធី​ខាងលើនេះ ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ នឹង​នាំមក​នូវ​កម្មវិធី​ជាច្រើន​ផ្សេងទៀត ដូចជា​៖​កម្មវិធី​ភូមិ​ខ្ញុំ កម្មវិធី​ភូមិ​បេ​ក​ភណ្ឌ​វប្បធម៌ កម្មវិធី​ព្រៃ​ប្រសិទ្ធី កម្មវិធី​សហស្ស​វិចិត្រ​វាយ​នា កម្មវិធី​ភូមិ​អាហារ​នៃ​ក្ដី​ស្រលាញ់ កម្មវិធី​ទាញ​ព្រ័​ត្យ​មិ​ត្ដ​ភាព​អង្គ​រស​ង្ក្រា​ន កម្ម​វិធីគុណ​ល្បុក្កតោ​ជាដើម​។ បើតាម​ឯកឧត្ដម​សុខ សប្បាយ​ណា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ក៏​នឹងមាន​វត្ដ​មាន​ដ៏​ខ្ពង់​ខ្ពង់ នៅក្នុង​កម្មវិធី​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​នា​ឆ្នាំ​២០១៨​នេះ​ផងដែរ​។

​សូម​ជម្រាប ថា គិត​មកដល់​ឆ្នាំ​២០១៨​នេះ គឺជា​លើក​ទី​៦​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ បានរួម​គ្នា​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​អង្គ​រស​ង្ក្រា​ន​លើទឹក​ដី​នៃ​ខេត្ដ​សៀមរាប​។ ភាពជោគជ័យ​ទាំង​៥​លើក​កន្លងមកនេះ បាន​ញ៉ាំ​ឲ្យ​ព្រឹ​ត្ដិ​ការណ៍​អ​ង្ក្រា​ន បន្ត​សម្រេចបាន​នូវ​គោលដៅ​ចម្បងៗ​ជាច្រើន ដែល​ក្នុងនោះ​ព្រឹ​ត្ដិ​ការណ៍​នេះ ក៏បានផ្ដល់​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា បាន​ផ្សព្វផ្សាយ និង​លើកតម្កើង​អរិយធម៌ វប្បធម៌ ព្រមទាំង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់ខ្លួន នៅលើ​ឆាក​អន្ដរជាតិ​ថែមទៀត​៕