ភ្នំពេញ ៖ ក្នុងជំនួបប្រមាណជា១ម៉ោងកន្លះ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបជូនលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថា ការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ គឺជារឿងធម្មតាដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ មិនអ្វីគួរឲ្យព្រួយបារម្ភឡើយ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបជូនលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថា ការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រគឺជារឿងធម្មតាដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ មិនអ្វីគួរឲ្យព្រួយបារម្ភឡើយ។ ការជម្រាបជូននេះ គ្រាដែលឯកឧត្ដមកែវ រ៉េមី បានអនុញ្ញាតឲ្យលោកស្រី រ៉ូណា ស្មីត និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្ដាលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីជំនួបប្រមាណជា១ម៉ោងកន្លះរួចមក លោក កែវ រ៉េមី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ក្នុងជំនួបនេះលោកស្រីរ៉ូណា ស្មីត បានបង្ហាញការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ ថា នឹងអាចធ្វើប៉ះពាដល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ប៉ុន្ដែឯកឧត្ដមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតប ថា ការធ្វើវិសោធនកម្មនូវច្បាប់នានាក្នុងប្រទេសកម្ពុជា មិនមានអ្វីប្លែកនោះទេ គឺដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ ហើយក៏មិនមានអ្វីធ្វើឲ្យប៉ះពាល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនោះដែរ។
សូមជម្រាប ថា ច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ចំពោះបទប្រមាថលើអង្គព្រះមហាក្សត្រ ព្រមទាំងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មនៃមាត្រាមួយចំនួន ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។
យ៉ាងណាក៏ដោយ ក្នុងជំនួបរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយអ្នកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា មិនបានលើកឡើងអំពីបញ្ហានយោបាយ ការចាប់ខ្លួនលោក កឹម សុខា ឬការរំលាយគណបក្សសង្គ្រោះជាតិនោះទេ គឺលោកស្រីគ្រាន់តែព្រួយបារម្ភ ចំពោះការធ្វើវិសោធនកម្មច្បាប់ទាំង២នេះប៉ុណ្ណោះ៕