សៀមរាប ៖ ទារកដែលកើតមកមានក្បាលពីរ ខ្លួនមួយ បេះដូង៦ថតដែលបង្ករការភ្ញាក់ផ្អើលនៅខេត្ត សៀមរាបនោះ នៅពេលនេះទទួលមរណៈភាពហើយនៅឯមន្ទីពេទ្យគន្ធបុប្ជា ដោយនៅពេល នេះក្រុមគ្រួសារបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។
ទារកចម្លែក ដែលកើតមកមានក្បាលពីរ ខ្លួនមួយ បេះដូង៦ថតដែលបានសម្រាលនៅឯ មន្ទីពេទ្យគន្ធបុប្ជានៃខេត្តសៀមរាបបានទទួលមរណៈភាពហើយនៅព្រឹកថ្ងៃទី07 ខែមីនា ឆ្នាំ2018នេះ។
កន្លងមកក្រុមគ្រូពេទ្យបានធ្លាប់អោយដឹងថា ទារកដែលមានក្បាលពីរនេះ មានសភាពខុស ពីធម្មតា ដោយក្បាលទាំងពីររបស់ទារកគឺ មានភាពខុសគ្នា គឺមួយមាន ចលនាដូចធម្មតា និងមួយទៀតដេកមិនកម្រើក។
ទារកមិនមានការដាក់ចិញ្ចឹមក្នុងកែវនោះទេ គឺអាចរស់នៅខាងក្រៅបានដោយគ្រាន់តែ ដាក់អុកស៊ីស៊ែន ប៉ុន្តែមកដល់រសៀលថ្ងៃទី៥ខែមីនា ក្រុមគ្រូពេទ្យបានយកទារក នេះចូលទៅ ក្នុងបន្ទប់តាមដាន ដើម្បីតាមដានមើលពីសុខភាពរបស់ទារក។
លុះដល់ថ្ងៃទី07 ខែមីនាវេលាម៉ោង10:30នាទីព្រឹកនេះ ទារកបានទទួលមរណៈភាពហើយក៏ បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯវត្ត ចក សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប។
សូមបញ្ចក់ថាទារកនេះបានកើតមកនៅក្នុងគ្រួសារមួយ ដែលឪពុកឈ្មោះ កាំសារី អាយុ៣៨ឆ្នាំ និងម្តាយមានឈ្មោះ កេតម៉ាលីអាយុ៣១ឆ្នាំ។
ទារកនេះត្រូវជាកូនទីបួន ហើយបច្ចប្បន្នគ្រួសារនេះបានរស់នៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប៕