ព្រះសីហនុ ៖ ខណៈដែលជនជាតិចិន កាន់តែច្រើនបានចូលមកធ្វើការ និងវិនិយោគក្នុងខេត្តព្រះសីហនុ ចំនួនកាស៊ីណូក្នុងខេត្តនេះ ក៏បានកើនឡើងឥតឈប់ឈរ ដែលរហូតមកទល់ពេលនេះ មានកាស៊ីណូប្រមាណ៣០កន្លែង។
តាមសេចក្តីរាយការណ៍របស់ Propertyarea.asia បានបង្ហាញថា មានកាស៊ីណូកំពុងដំណើរការ និងត្រៀមដំណើរការចំនួន៣០កន្លែងហើយ នៅក្នុងទីក្រុងព្រះសីហនុ ខណៈដែលវត្តមាន ជនជាតិចិន ប្រមាណ៥ពាន់នាក់ កំពុងរស់នៅ ប្រកបកិច្ចការ និងរកស៊ីក្នុងខេត្តនេះ។ បើតាមការបញ្ជាក់របស់ ស្នងការនគរបាលខេត្តព្រះសីហនុ ឯ.ឧ. ជួន ណារិន បាន អោយដឹងថា ចំនួនកាស៊ីណូ កំពុងកើនឡើងជាបន្តបន្ទាប់ក្នុងក្រុងព្រះសីហនុ។
ន្ទឹមនោះ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តនេះ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ផងដែរ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ ឧត្តមសេនីត្រីយ៌ កុល ផាលី ស្នងការរង និងជាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ ប្រចាំខេត្តព្រះសីហនុ ក៏បានបញ្ជាក់ប្រាប់ទូរទស្សន៌អាស៊ីអាគ្នេយ៌ថា បើទោះបីជាមានជនជាតិចិន រស់នៅច្រើនក្នុងខេត្តក្រុងព្រះសីហនុក្តី ប៉ុន្តែពុំមានករណីឧក្រិដ្ឋកម្ម រឺ បទល្មើសព្រហ្មទណ្ឌធំៗ មានការថយចុះក្នុងឆ្នាំ២០១៧ គឺមានតែករណីតូចៗ ដូចជាជម្លោះ និងគ្រោះថ្នាក់ចរាចរណ៌ជាដើម ដោយសារកម្លាំងសមត្ថកិច្ចបានដាក់វេនគ្នាប្រចាំការទាំងពេលថ្ងៃនិងយប់ ទាំងនៅតំបន់ដីគោក និងឆ្នេរកោះនានា ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុកំពុងមានការរីកចម្រើន លើវិស័យបដិសណ្ឋារកិច្ចជាច្រើន ដោយរហូតមកទល់ពេលនេះ មានសណ្ឋាគារនិងផ្ទះសំណាក់ចំនួនជិត១ម៉ឺនបន្ទប់។ តាមការបញ្ជាក់របស់ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុលោកតាំង សុចិត្រគ្រឹះស្នា បានឲ្យដឹងថា ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន៨៨ដែលមានបន្ទប់សរុបជិត៤០០០បន្ទប់។
ចំណែកផ្ទះសំណាក់ បឹងហ្កាឡូមានជាង៣០០កន្លែង ដែលមានបន្ទប់សរុបចំនួនជាង៤០០០បន្ទប់។ ហើយនៅចុងឆ្នាំ២០១៨នេះ សណ្ឋាគារថ្មីចំនួន១០ទៀត ដែលមានបន្ទប់សរុបប្រមាណ១០០០បន្ទប់ នឹងចាប់ផ្តើមបើកដំណើរការ ដើម្បីឆ្លើយតបនឹងកំនើនទេសចរណ៍ និងអ្នកវិនិយោគនានា។ ហើយ សណ្ឋាគារធំៗភាគច្រើន ត្រូវបានជនជាតិចិនជួលធ្វើជាកាស៊ីណូ៕