ភ្នំពេញ៖ ស្ត្រីម្នាក់ស្រវឹងស្រាដែលបានបើករថយន្តម៉ាកBMWស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ រេចង្កូតទៅបុកបើកឈើ ភូមិគ្រឹះនិងបណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ រួមទាំងម៉ូតូ៤គ្រឿងទៀត ត្រូវខូចខាត កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ ជាថ្នូរនឹងការតម្កល់ទុកប្រាក់មួយចំនួននិងសងសំណងដល់ជន រងគ្រោះ។
សេចក្ដីរាយការណ៍ពីតុលាការសាលាដំបូងរាធានីភ្នំពេញ បានឲ្យដឹងថា នារីបើករថយន្តទំនើបបង្កគ្រោះថ្នាក់ចរាចរណ៏ ទាំងអាការៈស្រវឹងជោកជាំនោះមានឈ្មោះ អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះ ប៉ុន្តែត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយតម្រូវឲ្យដាក់ប្រាក់តម្កល់មួយចំនួន និងសងសំណងដល់ជនរងគ្រោះដែលរងរបួសធ្ងន់ទាំងនោះ។ ការដោះលែងស្ត្រីបង្កនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ដោយមានអ្នកធំអន្ទ្រើសៗ រួមទាំងពិធីករទូរទស្សន៍ក្នុង ស្រុកផងដែរ ជួយអន្ដរាគមន៍ ដើម្បីឲ្យជនបង្ករួចផុតពីការចោទប្រកាន់ តាមផ្លូវតុលាការ។
គួរបញ្ជាក់ថា ស្ត្រីជាជនបង្កឈ្មោះ អ៊ុង កុលហ្សានិក វ័យ២៦ឆ្នាំ បើករថយន្ដបង្កហេតុម៉ាក MBW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1113 រួមដំណើរជាមួយនឹងមនុស្សប្រុស-ស្រី៣ នាក់ទៀត។
សមត្ថកិច្ចបន្តទៀតថា អ្នករបួសធ្ងន់ចំនួន២នាក់ទី១-ឈ្មោះយិន ចាន់ធួន ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរអង្គរក្ស រងរបួសធ្ងន់ជាំឈាមប្រអប់ជើងខាងស្តាំ និងទី២-ឈ្មោះសឹង សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអង្គរក្ស ស្នាក់នៅក្នុងបន្ទាយត្រូវរងរបួសក្បាលឈាមតាមត្រចៀក និងក្បាលជង្គង់ខាងឆ្វេង។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នោះដែរ គេឃើញនារីបង្កហេតុ និងអ្នករួមដំណើរជាមួយពេលចេញពីរថយន្តវិញមានសភាពស្រវឹងជោកយ៉ាង ខ្លាំងនិយាយស្តាប់គ្នាមិនបាននោះទេ។
ករណីនេះសមត្ថកិច្ចបានបន្តនីតិវិធីរបស់ខ្លួនហើយដោយសមត្ថកិច្ច បានរកឃើញថាអ្នកបើកបររថយន្តឈ្មោះអ៊ុង កុលហ្សានិច ភេទស្រី នៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍នោះមានផ្ទុកជាតិអាល់កុលកំរិត០,៨៦ ក្រាម ក្នុងមួយមីលីលីត្រខ្យល់។
បើទោះជាសមត្ថកិច្ចថាជាកូន អ្នកក្រ ប៉ុន្ដែជិះរថយន្ដកប់ស៊េរីក៏ដោយ ហេតុអ្វីក៏មានអ្នកចេញមុខអន្ដរាគមន៍ ជាបន្ដបន្ទាប់ សុទ្ធតែថ្នាក់អន្ទ្រើសៗ ក្នុងនោះ ប្រភពខ្លះបាននិយាយថា ស្ដ្រីបង្ក គឺជាអ្នករកស៊ីលក់រថយន្តទំនើបៗ ដោយឡែកសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានដកស្រង់សម្ដីម្ដាយស្ដ្រីបង្ក ហេតុមកនិយាយថា កូនរបស់គាត់គ្រាន់ តែជាអ្នកស៊ីឈ្នួលលក់រថយន្តឲ្យថៅកែ ប៉ុណ្ណោះ។
រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥តុលាការសម្រេចដោះលែងជនបង្កឲ្យមានសេរីភាពជាបណ្ដោះ អាសន្នហើយ ប៉ុន្តែគ្រាប់តែដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការ៕