ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រគល់សិទ្ធិមួយដល់ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ក្នុងការរុករកស្រាវជ្រាវ និង សិក្សារ៉ែប្រេងកាត នៅតំបន់ប្លុកD នៃឈូងសមុទ្ររបស់ប្រទេសកម្ពុជា និងត្រៀមទាញ យកធនធានប្រេងមកប្រើប្រាស់ ខណៈធនធានរ៉ែប្រេងកាតនៅតំបន់ប្លុក A ត្រូវបានក្រុម ហ៊ុនរបស់សិង្ហបុរី កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងត្រៀមទាញយកនៅអំឡុងឆ្នាំ ២០១៩ខាងមុខនេះ ។
លោក ជៀប សួរ អ្នកនាំពាក្យនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃ ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ដំណើរការនេះ ទើបតែទទួលបានចំណារពី រាជរដ្ឋាភិបាលអោយបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចរចារពីកិច្ចនេះ ។
សម្រាប់បច្ចុប្បន្ននេះ អ្វីដែលកម្ពុជាបាននឹងកំពុងធ្វើនិងតាមដានជាប់ជាប្រចាំនោះ គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទាញយកប្រេងកាតនៅតំបន់ប្លុក A ជាមុនសិន ។ចំពោះការអភិវឌ្ឍន៍និងកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍ប្រេងកាតនៅតំបន់ប្លុក D នឹងមាន កើតឡើងជាពេលបន្តបន្ទាប់ ។
លោក បន្តថា បច្ចុប្បន្ននេះ ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរោងចក្រទាញ ប្រេង កាត នៅតំបន់ប្លុក A កំពុងតែមាន សកម្មភាពទៅមុខជាបណ្ដើរៗ ហើយរហូតមកដល់ ពេលនេះ ពោលគឺចាប់តាំងពីកិច្ចព្រម ព្រៀងរវាងក្រុមហ៊ុន អភិវឌ្ឍន៍ និងក្រសួងរ៉ែ និង ថាមពល មិនទាន់មានសញ្ញាណាមួយ បង្ហាញពីការខកខាន រឺបរាជ័យដូចគម្រោងមុនៗ នោះទេ ។
លោកបានបន្តទៀតថា ដើម្បីអោយប្រាកដប្រជានូវគម្រោង ទាញយកប្រេងពីឈូង សមុទ្រកម្ពុជា ក្រុមការងារអន្តរជាតិក្រសួង ដែលមានក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែប្រជុំតាមដានជារៀងរាល់ខែ ពីសកម្មភាពការងារ អភិវឌ្ឍន៍គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រទាញយកប្រេង ។
លោក បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍ បានយក ទឹក សមុទ្រទៅវិភាគមើលពីស្ថានភាពប្រេងនៅក្នុងតំបន់ដែលត្រូវអភិវឌ្ឍន៍ ។ ម្យ៉ាងទៀត ក្រុមការងារក៏បានចុះពិនិត្យនិងពិគ្រោះយោបល់ជាមួយ ក្រុមអ្នកនេសាទនៅខេត្តជិតៗ ដូចជា ខេត្តកំពត និងខេត្តកោះកុង ដើម្បីសិក្សាឈានទៅការបូមប្រេងនៅតំបន់ជិតៗនោះ ផងដែរ ។
លោក ស៊ុយ ឌីម៉ង់ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែ និង ថាមពលក៏បានអោយដឹងផងដែរថា កិច្ចព្រមព្រៀងប្រេងកាតក្នុងដែនសមុទ្រក្នុងប្លុក A បានឈានចូលក្នុងដំណាក់កាលនៃការធ្វើអាជីវកម្មលើកដំបូង នៅចុងឆ្នាំ ២០១៩ ក្នុងគោលបំណងបង្កើនចំណូលជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជំរុញការអភិវឌ្ឍ វិស័យប្រេងកាតនៅកម្ពុជា ជាលើកដំបូង ។
លើសពីនេះ ក្រសួងរ៉ែនិងថាមពល ក៏បានផ្ដល់អាជ្ញាប័ណ្ណ គម្រោងសម្បទានប្រេង កាតផ្នែកដោនស្ទ្រីម ចំនួន១០អាជ្ញាបណ្ណ ក្នុងនោះបង្កើតនិងដាក់ឱ្យដំណើរការ មណ្ឌល សន្និធិប្រេងឥន្ធនៈ និងមណ្ឌលឧស្ម័នធម្មជាតិ ពង្រាវ ផ្ដល់គោលការណ៍នាំចូលប្រេង និង ឧស្ម័នឥន្ធនៈ គោលការណ៍សិក្សាលទ្ធភាពគម្រោងបំពង់បង្ហូរប្រេង និងឧស្ម័ន និងគម្រោង សិក្សាលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងផងដែរ ៕