ភ្នំពេញ ៖ នៅវេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃទី៨ មីនា ឆ្នាំ២០១៨នេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលក្រុមជនសង្ស័យ៥នាក់ ប្រដាប់ដោយកាំភ្លើង AK47 ចំនួន២ដើម បានចូលទៅរុញទ្វារតូបលក់ប្រេងសាំងមួយកន្លែងនៅតាមបណ្តោយផ្លូវអូរដឹម ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច ខណៈពេលដែលបានវាយកូនចៅម្ចាស់លក់ប្រេងសាំងបណ្តាលរបួស ស្របពេលអាវុធហត្ថជិះល្បាតក្នុងមូលដ្ឋានមកដល់ឃើញហេតុការណ៍ ហើយក្រុមជនសង្ស័យបានទាញAKបាញ់សំដៅមកលើកម្លាំងអាវុធហត្ថ តែមិនផ្ទុះ ក៏ត្រូវបានខាងអាវុធហត្ថបាញ់តទៅវិញ ត្រូវចំជើងជនសង្ស័យម្នាក់ដេកដួលទៅនឹងកន្លែង ចំណែកបក្ខពួកជនសង្ស័យចំនួន៤នាក់ទៀត បានរត់ចូលទៅក្នុងដីឡូត៍មួយកន្លែង បាត់ស្រមោល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថោង គីរី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរលក់ប្រេងសាំង ត្រូវជាប្តីប្រពន្ធមានឈ្មោះ សេក ចិន្តា ភេទស្រី ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ មុខរបរលក់ប្រេងសាំង ស្នាក់នៅកន្លែងកើតហេតុ។
ក្នុងករណីខាងលើនេះដែរ ជនសង្ស័យបាននិយាយសារភាពថា មានប៉ូលីសពាក់ស័ក្ខបីម្នាក់ជួលឲ្យប្លន់ក្នុងតម្លៃ៣.០០០ដុល្លារ។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលនោះ អាវុធក្រុងភ្នំពេញ និងសមត្ថកិច្ចជាច្រើនរូប បានចូលទៅក្នុងដីឡូត៍ក្នុងព្រៃ ដើម្បីរុករកក្រុមជនសង្ស័យ ដោយគេមានកាំភ្លើងAK47 ១ដើមនៅក្នុងដៃ ហើយការរុករកអស់ជាច្រើនម៉ោងនៅមិនទាន់ឃើញ ក៏កម្លាំងសមត្ថកិច្ចក៏ដូចជាកងរាជអាវុធហត្ថ បានដកកម្លាំងមកវិញ រង់ចាំតាមស្រាវជ្រាវនៅពេលក្រោយបន្តទៀត៕