សៀមរាប ៖ យុវជន យុវនារី ជាងពីរពាន់នាក់ បាននាំគ្នាមកចូលរួមក្នុងកម្មវិធីរត់ជាគូ (Couple Run)នៅផ្សារកុងទីន័រផាម ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី០៨ ខែមីនាម្សិលមិញនេះ។
លោក សួង ស៊ីម អគ្គនាយកក្រុមហ៊ុនWatchEmpire និងជាអ្នករៀបចំកម្មវិធីរត់ជាគូនេះ បានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំ២០១៨ និងបំផុសយុវជន យុវនារីឱ្យចេះជួយដល់ការងារសង្គមក្រុមហ៊ុនWatchEmpireដែលនាំចូលនាឡិកាដៃម៉ាកIce Watch បានរៀបចំព្រឹត្តិការណ៍កម្សាន្ដឡើង ។
លោក សួង ស៊ីម បន្តឱ្យដឹងថា ព្រឹត្តិការណ៍នេះ គឺត្រូវរត់ក្នុងចម្ងាយ១៥០០ម៉ែត្រ ដែលមានអ្នកចូលរួម២៥០០នាក់ ស្មើ១២៥០គូរ។ ហើយសម្រាប់អ្នកចូលរួមទាំងអស់ត្រូវទិញសំបុត្រក្នុងម្នាក់តម្លៃ១៩៨០០រៀល ក្នុងនោះចំនួន៤០០០រៀលក្នុងម្នាក់ដកសម្រាប់យកទៅ ដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយថវិកាមួយចំណែកទៀតសម្រាប់ចំណាយនៅក្នុងព្រឹត្តិការណ៍នេះ។
លោក សួង ស៊ីម បានបន្តថា នេះជាលើកទី៣ហើយដែលក្រុមហ៊ុន Ice Watch បានរៀបចំព្រឹត្តិការណ៍កម្សាន្ដ Couple Run ដែលចំនួន២លើកធ្វើនៅរាជធានីភ្នំពេញ និងលើក៣នេះធ្វើនៅខេត្តសៀមរាប ហើយដោយតែព្រឹត្តិការណ៍នេះធ្វើដើម្បីសង្គម សុខភាព និងការកម្សាន្តសប្បាយផងនោះ ឃើញថា មានការចូលរួមនិងគាំទ្រយ៉ាងច្រើនពីសំណាក់យុវជន នៅខេត្តសៀមរាប។
លោក សួង ស៊ីម បានបញ្ជាក់ថា ថ្វីត្បិតតែនៅក្នុងព្រឹត្តិការណ៍នេះ មានអ្នកចូលរួមតែ២៥០០នាក់ ប៉ុន្តែព្រឹត្តិការណ៍បានបង្ហាញ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនិងយុវជនផ្សេងទៀតបានយល់ដឹងពីការងារជួយសង្គមហើយនៅលើកក្រោយៗទៀតនិងមានអ្នកចូលរួមកាន់តែច្រើន៕