សៀមរាប ៖ រថយន្តដឹកទំនិញធំមួយគ្រឿង បានត្រូវសមត្ថកិច្ចគយពីរអង្គភាពផ្សេងគ្នា គឺគយខេត្តសៀមរាប និងគយចល័តមកពីភ្នំពេញ ធ្វើការចាប់ឃាត់ បន្ទាប់ពីមានការសង្ស័យថា មានការគេចបន្លំពន្ធ។
ការឃាត់រថយន្តផ្ទុកទំនិញខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០១៨ ត្រង់ចំណុចក្រោយផ្សារក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។
រថយន្តធុនធំដែលសមត្ថកិច្ចគយឃាត់នេះ មានក្បាលពាក់ស្លាកលេខព្រះសីហនុ3A2816 ចំណែកកន្ទុយសណ្តោងខាងក្រោយពាក់ស្លាកលេខភ្នំពេញ 4A 1970។រថយន្តនេះត្រូវបានអ្នកបើកបរប្រាប់ឲ្យដឹងថា ពួកគេដឹកសម្ភារៈអេឡិចទ្រូនិច ម៉ាកសាំស៊ុង មកពីស្រុកសំពៅលូនព្រំប្រទល់ប្រទេសកម្ពុជាថៃ ខេត្តបាត់ដំបង មកទម្លាក់នៅឃ្លាំងស្តុក នៅក្នុងបុរីសៀងណាំ។
ពាក់ព័ន្ធករណីនេះ លោក កែវ រិទ្ធី អនុប្រធានសាខាគយ និងរដ្ឋករខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី០៩មីនានេះថា ក្នុងការចាប់ឃាត់រថយន្តនេះ កម្លាំងសមត្ថកិច្ចគយ និងរដ្ឋករបានរកឃើញទំនិញមួយចំនួនដែលមិនបានបង់ពន្ធ។ លោកបន្តថា ដូច្នេះខាងលោកបានធ្វើរបាយការណ៍ដាក់ជូនទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដើម្បីអនុវត្តនីតិវិធីបន្ត។
ពាក់ព័ន្ធទៅនឹងមុខទំនិញអ្វីខ្លះដែលមិនបានបង់ពន្ធនោះ លោក កែវ រិទ្ធី បានអះអាងថា លោកមិនអាចរៀបរាប់បានទេ ទាល់តែខាងអគ្គនាយកដ្ឋានគយ សម្រេចថា យ៉ាងណាទើបលោកអាចផ្តល់ព័ត៌មានបាន។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រភពពីមន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ អ្នកព័ត៌មានថា ក្នុងពេលផ្ទៀងផ្ទាត់ទំនិញ គេបានរកឃើញម៉ាស៊ីនបោកខោអាវ ជិតមួយរយគ្រឿងដែលមិនបានបង់ពន្ធ ចំណែកទំនិញផ្សេងទៀតមានខ្លះបានបង់ ខ្លះមិនបានបងពន្ធជូនរដ្ឋ។
ជាមួយនឹងការចាប់ឃាត់រថយន្តដឹកទំនិញនេះដែរ ប្រភពខាងលើបានឲ្យដឹងដែរថា ដោយសារចង់ដណ្តើមស្នាដៃគ្នា ធ្វើឲ្យគយខេត្តសៀមរាប និងគយចល័ត មើលមុខគ្នាមិនចំ ដោយខាងគយចល័តចង់យករថយន្តនោះទៅ ទុកនៅស្នាក់ការរបស់គេនៅឯស្រុកពួក ព្រោះគេបានទៅដល់មុន។
ចំណែកខាងគយខេត្តសៀមរាប ក៏បានទាមទារយករថយន្តដឹកទំនិញនោះទៅកាន់សាខារបស់ខ្លួនដែរ ដោយសំអាងថា ករណីនេះវាស្ថិតក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរថយន្តនេះ ត្រូវបានប្រគល់ឲ្យទៅខាងសាខាគយនិងរដ្ឋករខេត្តសៀមរាបជាអ្នកចាត់ចែងតាមនីតិវិធី៕