បាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរ ថៃ និងច្រើនជាតិសាសន៍ផ្សេងទៀត បាននាំគ្នាចូលលេងល្បែង ស៊ីសងមានភ្នាល់ប្រជល់មាន់ និងល្បែងស៊ីសងជាច្រើនប្រភេទ មានដូចជា អាប៉ោ បៀរ យូគី។ល។ ដែលជ្រកក្រោម កាស៊ីណូ អត់ស្លាកមួយកន្លែង នៅក្បែរច្រកតំបន់អូររំដួល ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។ ពាក់ព័ន្ធករណីនេះ ប៉ូលិសថា កាស៊ីណូ នេះ មានច្បាប់តែកំពុងរត់ការ នៅ ឡើយ ចំណែកលោក ជា សុផាត អាជ្ញាធរស្រុកភ្នំព្រឹក ថា គាត់មិនបានដឹងរឿងនោះទេ ហើយលោក មិនជាប់ពាក់ព័ន្ធនឹងរឿងនោះឡើយ។
ប្រភពពីអ្នកលេងល្បែងស៊ីសងជាជនជាតិខ្មែរម្នាក់ នៅក្នុងកាស៊ីណូ អត់ស្លាកឈ្មោះ បានឲ្យដឹង ថា នៅទីនេះ គឺជាកាស៊ីណូ ហើយបើកសង្វៀនប្រជល់មាន់ លេងចាញ់ឈ្នះគ្នាតាមចិត្ត មិនបាច់ខ្លាច ញញើតសមត្ថកិច្ចណាទេ ព្រោះថៅកែ គេបានដោះស្រាយជាមួយថ្នាក់រួចរាល់អស់ហើយ។ ប្រភពបាន បន្តថា ពេលទៅលេងក្នុងកាស៊ីណូនោះ គឺបើកឲ្យប្រជាពលរដ្ឋខ្មែរ ថៃនិងប្រជាជនគ្រប់ជាតិសាសន៍ ចូលទៅលេង ដោយគ្រាន់តែផ្ញើឡានមួយគ្រឿងតម្លៃ ៥ពាន់រៀល ម៉ូតូ២ពាន់រៀល ប៉ុណ្ណោះ ហើយ ចូល ទៅខាងក្នុងមានវង់ លេងល្បែងស៊ីសងជាច្រើនប្រភេទ ដែលបើកលេងម៉ាសេរី ឈ្នះចាញ់ជាប្រាក់ រាប់ពាន់ម៉ឺនដុល្លារទៅតាមចិត្ត ។
កាស៊ីណូ នេះ បើកលេងជាច្រើនខែមកហើយដែរ គ្មានប្រតិកម្ម ជំទាស់ពីថ្នាក់ណានោះឡើយ។
ពាក់ព័ន្ធករណីនេះ លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក ទទួលព្រហ្មទណ្ឌ បានឲ្យដឹង ថា កន្លែងបើកសង្វៀនប្រជល់មាន់ និងមានលេងល្បែងជាច្រើនមុខទៀ តនៅក្បែរច្រកតំបន់អូរ រំដួល នោះ គឺជាកាស៊ីណូ ដែលម្ចាស់កំពុងតែរត់ច្បាប់នៅឡើយ។ លោក ថា បើច្បាប់ដែលអនុញ្ញាតមាន សរសេរ ឲ្យគេបើកលេងល្បែងអ្វី គឺគេបើកលេងបានទាំងអស់ហើយ។
លោកអធិការង បានបន្តថា កាលពីកន្លងទៅអធិការស្រុកភ្នំព្រឹក បានចុះទៅត្រួតពិនិត្យឃើញ នៅក្នុងហ្នឹង គេកំពុងដំណើរការលេងល្បែង មានសង្វៀនប្រជល់មាន់ យ៉ូគី ល្បែង អាប៉ោង បៀរ ប្រភេទចាក់ក្រហម ចាក់ខៀវ និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត ។
លោក សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា កាស៊ីណូ មួយនេះប្រហែលមួយខែទៀត នឹងសម្ពោធ ដាក់ ឲ្យដំណើរជាផ្លូវការហើយ។ លោក សារ៉េត វិសេដ្ឋ បានសូមជម្រុញខាងភាគីកាស៊ីណូនេះ រត់ការច្បាប់ឲ្យបានលឿន ទើបអាចដោះស្រាយបានស្រួល។
លោក ជា សុផាត អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា កាស៊ីណូនៅក្បែរច្រកតំបន់អូររំដូល នោះ គឺខាងប៉ូលិស បានប្រជុំប៉ុន្មានថ្ងៃមុនដែរ ប៉ុន្តែខាងអាជ្ញាធរស្រុកភ្នំព្រឹក មិនបានទៅចូលរួមប្រជុំ ជាមួយទេ។ បញ្ហានៅក្នុងកាស៊ីណូនោះមានបើកលែងល្បែងស៊ីសងអ្វីខ្លះ ខាងអាជ្ញាធរស្រុកភ្នំព្រឹក មិនបានដឹងទេ ហើយមិនទាក់ទងអ្វីជាមួយនឹងលោកនោះទេ៕