ក្រចេះ ៖ ពលរដ្ឋ៧នាក់ក្នុងចំណោម ៨ នាក់ដែលត្រូវឃាត់ខ្លួនក្នុងអំពើហិង្សានៅឯខេត្តក្រចេះត្រូវបានដោះលែងកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីត្រូវចាប់ឃុំខ្លួនអស់រយៈពេលយប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុងការផ្ទុះអំពើហិង្សាដាក់គ្នារវាងក្រុមទាហាន និងពលរដ្ឋនៅក្នុងឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ពលរដ្ឋចំនួន ៨ នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុដើម្បីយកទៅសួរនាំ ប៉ុន្តែម្នាក់ត្រូវអនុញ្ញាតឲ្យព្យាបាលរបួសនៅមន្ទីរពេទ្យ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា «ពួកគេទាំង៨ នាក់ ត្រូវបានតុលាការដោះលែងទៅវិញជា«បណ្តោះអាសន្ន» ហើយតម្រូវឲ្យទៅបង្ហាញខ្លួនក្នុង ១ ខែម្តង នៅពេលតុលាការកោះហៅ។ ពួកគេត្រូវបានដោះលែងមែន តែត្រូវស្តិតក្រោមការ ត្រួតពិនិត្យរបស់តុលាការ»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហិង្សាមួយ បានផ្ទុះ ឡើង រវាងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំង សមត្ថកិច្ច ព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦។ ការដែលប្រជាពលរដ្ឋ នាំ គ្នាបិទផ្លូវ បានកើតឡើងបន្ទាប់ពីសមត្ថកិច្ចចម្រុះ ចុះទៅរុះរើសំណង់តូចៗ របស់ពួកគាត់ដែល សង់ ខុសច្បាប់ ស្ថិតនៅក្នុងទីតាំងដីរបស់ក្រុមហ៊ុនចំការកៅស៊ូមេមត់៕