ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ កម្ពុជាបានបញ្ជូនកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេស ជិត១០ម៉ឺននាក់ ដែលចំនួននេះ មានការកើនឡើង ១២,៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ មានតែជាង៨ម៉ឺននាក់ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ថ្មី របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានអោយដឹងថា ក្រសួងការងារបានបញ្ជូនពលករទៅធ្វើការនៅ ក្រៅប្រទេសក្នុងឆ្នាំ២០១៧ មានចំនួន៩៦.៣៣៨នាក់ (ស្រី៣៨.១៩៨នាក់) បើធៀបនឹងឆ្នាំ២០១៦ មានចំនួន៨៥.៥៧៦នាក់ (ស្រី ៣៤.៧៣០នាក់)។
របាយការណ៍ដដែលឲ្យដឹងទៀតថា ពលករដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសរួមមាន ៖ ថៃចំនួន៨៧.៩០៩នាក់ (ស្រីចំនួន ៣៥.១៦៤នាក់),កូរ៉េចំនួន៥.៩៦៧នាក់ (ស្រីចំនួន១.៦៣១នាក់), ជប៉ុនចំនួន២.២៨០នាក់ (ស្រីចំនួន១.២៤១នាក), ម៉ាឡេស៊ីចំនួ ២៧នាក់ (ស្រីចំនួន៧នាក់), សិង្ហបុរីចំនួន១៣៨នាក់ (ស្រីចំនួន ១៣៨នាក់) ,អារ៉ាប់ប៊ីសាអូឌីតចំនួន១២នាក់ (ស្រីចំនួន១២នាក់) និងតំបន់រដ្ឋបាលពិសេសហុងកុងចំនួន៥នាក់ (ស្រី៥នាក់)។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៧ ពលរដ្ឋកម្ពុជាទទួលបានការងារធ្វើសរុបចំនួន ៩១ម៉ឺន៦ពាន់២រយ៤៩នាក់ ក្នុងនោះធ្វើការនៅក្នុងប្រទេសចំនួន៥៩៣.០៨៧នាក់ នៅក្រៅប្រទេសចំនួន ២៧០.៩២៧នាក់ មានដូចជានៅប្រទេសថៃចំនួន២២០.៨៩៧នាក់ , កូរ៉េចំនួន៥៦.៧១០នាក់ , ជប៉ុនចំនួន៦.៣០នាក់ , ម៉ាឡេស៊ីចំនួន ៣៨.៧៨៣នាក់ ,សិង្ហបុរីចំនួន៦២៥នាក់ , អារ៉ាប់ប៊ីសាអូឌីតចំនួន១២នាក់ និងតំបន់រដ្ឋបាលពិសេស ហុងកុងចំនួន៥នាក់៕