នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​ចូលរួម​ប្រជុំ​ពិសេស​អូស្ត្រាលី អាស៊ាន​ នាទីក្រុងស៊ីដនី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2018 ក+ ក-


ភ្នំពេញ ៖ ​នៅសល់​រយៈពេល​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​ដឹកនាំ គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​។ ដំណើរ​ទស្ស​កិច្ច​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ចាប់ផ្តើម​ពីថ្ងៃ​១៦ ដល់​១៨ ខែមីនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អូស្ត្រាលី អាស៊ាន ។ ក្នុងអំឡុង​ដំណើរ​ទស្ស​កិច្ច​នោះ សម្ដេច​ក៍​គ្រោង​នឹង​ជួប​សំណេះសំណាល​សាកសួរ សុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​តំបន់ ជាច្រើន​នៅ​ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សេ​ណែន ត្រូវគេ​ឃើញ បាន​ត្រៀម ការ​ស្វា​មគ​មន៍​ដំណើរ​របស់​សម្ដេច និង​សម្ដែង​ក្ដី​រីករាយ ទន្ទឹងរង់ចាំ​ថ្ងៃនោះ មកដល់​ឲ្យ​បាន​ឆាប់​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ថ្លែងថា ពួកគាត់​គាំទ្រ​សម្ដេច​ដោយសារ​ពួកគាត់ បានឃើញ​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​សម្ដេច​ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ សន្តិភាព មានការ​អភិវឌ្ឍ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រៀម​នឹង​ចូលរួមបាន​បដិសេធ​ទៅនឹង ក្រុមប្រឆាំង​ដែល​ដែល​ចោទថា ការដែល​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ទៅ​ទទួល​ស្វា​មគ​មន៍​សម្ដេចនាយករ​ដ្ឋ​មន្ត្រី គឺ​ដោយសារ ការបង្ខិតបង្ខំ និង​ការជួល​ជា​ប្រាក់​។​

​យោងតាម​ក្រសួងការបរទេស ក្នុង​ដំណើរ​ទស្ស​កិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី ក្រៅពី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន អូស្ត្រាលី សម្ដេច ក៍​នឹងមាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ា​ល់​កុម ធឺ​ន ប៊ុល (Malcolm Turnbull) ផងដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​បាន​រំពឹងថា ជំនួប​នោះ​នឹងធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា និង​អូស្ត្រាលី​នឹង​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

​សូមជម្រាបថា កម្ពុជា​និង​អូស្ត្រាលី​មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥២​មក​។ បច្ចុប្បន្ន ប្រទេស​ទាំង​២​បានធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ទៅលើ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ការប្រឆាំង​ទេសចរណ៍​ផ្លូវភេទ​លើ​កុមារ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​គ្រឿងញៀន និង​ការប្រឆាំង​ភេរវកម្ម ជាដើម​។ តាម​ទិន្នន័យ​របស់​ក្រសួងការបរទេស​អូស្ត្រាលី ប្រជាជន​កម្ពុជា​រស់នៅ​ប្រទេស​អូស្ត្រាលី​គិត​ត្រឹម​ឆ្នាំ​២០១៦​មាន​ប្រមាណ​៦​ម៉ឺន​នាក់​។ ប្រជាជន​កម្ពុជា​ភាគច្រើន​ដែល​មក​តាំងទី​នៅ​ប្រទេស​អូស្ត្រាលី​ភាគច្រើន​គឺជា​ជនភៀសខ្លួន ក្នុងសម័យ​សង្គ្រាម​ក្នុងប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ រហូតដល់​ទសវត្ស​១៩៨០ ដែល​រហូតដល់​ឆ្នាំ​១៩៩០ ប្រជាជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​មាន​ប្រមាណ​២​ម៉ឺន​នាក់​៕