ភ្នំពេញ ៖ ដើម្បីជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ប្រទេសទាំងពីរ បានខិតខំប្រឹងប្រែងរកការវិនិយោគនានាបន្ថែមទៀត ជាក់ស្ដែងវិស័យយានយន្តនិងគ្រឿងបន្លាស់រវាងប្រទេសទាំងពីរ ក៏ជាផ្នែកមួយជំរុញអោយទំហំពាណិជ្ជកម្មទាំងមូលសម្រេចបាននៅឆ្នាំ ២០២០ផងដែរ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី ១៤ មីនា ២០១៨ នៅស្ថានទូតថៃ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីផ្ដលឱកាសដល់ពាណិជ្ជករ រវាងកម្ពុជា និងថៃ ក្នុងការវិនិយោគនិងធ្វើអាជីវកម្មលើវិស័យយានយន្ត ថៃគ្រោងរៀបចំព្រឹត្តិការណ៍ធុរកិច្ចមួយ នៅខែមេសា ឆ្នាំ ២០១៨ខាងមុខនេះ និងមានការអញ្ជើញចូលរួមពីធុរជនតាមបណ្ដាប្រទេសនានា ។
លោកបន្តថាកាលពីមុនប្រទេសថៃ ជាចំណាប់អារម្មណ៍មួយសម្រាប់វិនិយោគិនបរទេស ក្នុងការបណ្ដាក់ទុនដំឡើងរថយន្ត សម្រាប់នាំចេញទៅកាន់ទីផ្សារនានា លើពិភពលោក ។ ជាក់ស្ដែងបច្ចុប្បន្ន ថៃ បានផលិតរថយន្តជាច្រើនម៉ាកនៅក្នុងប្រទេស ដូចនេះហើយទើបធ្វើអោយមានតម្រូវការគ្រឿងបន្លាស់រថយន្ត សម្រាប់មកដំឡើងនៅក្នុងបណ្ដានានាក្នុងប្រទេសថៃ ។ លោកថា លោកបានសម្លឹងមើលឃើញពីសក្ដានុពលវិនិយោគ លើការផលិតគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែពាក់ពន្ធ័នឹងការវិនិយោគ ទុកអោយវិស័យឯកជនជាអ្នកជជែកស្វែងរកការបណ្ដាក់ទុនដោយខ្លួនគេចុះ ។
លោកបន្ថែមថា កន្លងមក មានក្រុមហ៊ុននៅប្រទេសមួយចំនួនបានផ្លាស់ពីថៃ មកដំឡើងរោងចក្រនៅកម្ពុជា ដើម្បីផលិតគ្រឿងបន្លាស់រថយន្តហើយនាំចេញទៅប្រទេសថៃវិញ ហើយសព្វថ្ងៃនេះ ក៏មានក្រុមហ៊ុនផ្សេងៗទៀតផងដែរ កំពុងរកមើលការវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យគ្រឿងបន្លាស់រថយន្តនេះដែរ ព្រោះនៅកម្ពុជា ក៏មានធនធានមនុស្សដែលមានជំនាញ ហើយកម្លាំងពលកម្មក៏នៅមានកម្រិត ដែលអាចអោយពួកគេ បង្វែរមកបណ្ដាក់ទុននៅកម្ពុជាវិញ ៕