ភ្នំពេញ ៖ ក្នុងជំនួបសវនាការ ជាមួយសម្តេចវិបុលសេនាភក្តីសាយ ឈុំ មុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរ ដ្ឋតួកគីបានបង្ហាញ ពីបំណងច ង់ឲ្យ កម្ពុជាបញ្ជូន ឯកអគ្គរាជទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋតួកគី។
លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីលើកឡើងក្នុងជំនួប ជាមួយសម្តេចប្រមុខរដ្ឋ ស្តីទី ខណៈដែលលោកស្រី ចូលជូនសារតាំង និងសម្តែងការគួរសម នាព្រឹកថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ លោកជំទាវ Ayda Ünlü បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យលោកជំទាវបានចូលជូនសារតាំង និងសម្តែងការគួរសម។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា “ទោះបីជាទីតាំងភូមិសាស្ត្រប្រទេសទាំងពីរ នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែបេះដូងនៃប្រទេសទាំងពីរនៅជិតគ្នា ជាពិសេសប្រទេសទាំងពីរមានទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរលុងមកហើយ”។
លោកជំទាវមានប្រសាសន៍ទៀតថា ការបង្កើតនិវេសនដ្ឋានតួកគីប្រចាំកម្ពុជា មានចាប់តាំងពីឆ្នាំ២០១៣មក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ មានការកើនឡើង។ ក្នុងអំឡុងពេលបេសកកម្មការទូតនេះ លោកជំទាវ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង ជាមួយគ្នាជាច្រើន ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរទៅវិញទៅមក និងមានការចុះកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ព្រមទាំងកិច្ចសហការប្រតិបត្តិការលើគ្រប់វិស័យ ពិសេស វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យវប្បធម៌ដើម្បីធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងឡើងថែមទៀត ក្នុងគោលដៅបង្កើនឲ្យដល់៥០០លានដុល្លារ នៅឆ្នាំ២០២០។ លោកជំទាវ បានស្នើសុំការគាំទ្រពីកម្ពុជា ចំពោះសាធារណរដ្ឋតួកគី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពហុភាគីជាមួយនឹងអាស៊ាន។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងមានជំនឿជឿជាក់ថា នឹងខិតខំបន្តរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈានឡើងកំរិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក៕