តុលាការ​ដំណើរការ​លើ​បណ្តឹង​ចំពោះ​លោក សម រង្ស៊ី រឿង​សន្យា​កាត់​ដី​ឲ្យ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

​ភ្នំពេញ ៖ បណ្តឹង​លោក​ឧត្ដមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ប្តឹង​ទណ្ឌិត​សម រង្ស៊ី ពីបទ​”​ក្បត់ជាតិ​”​ពាក់ព័ន្ធ​កិច្ចព្រមព្រៀងសម្ងាត់​កាត់​ទឹកដី​កម្ពុជា​ទៅ​ឲ្យ​ជនជាតិភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា ខាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​រួចហើយ​និកំ​ពុង​មាន​ចំណាត់ការ​លើ​បណ្តឹង​នេះ​។​

​ពាក្យបណ្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​វីដេអូ​អំពី​កិច្ចព្រមព្រៀង​រវាង លោក សម រង្ស៊ី និង​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម កាលពី​៥​ឆ្នាំមុន ត្រូវបាន​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក ដែលជា​សកម្មជន​អតីត​បក្សប្រឆាំង ទម្លាយ​កាល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨​។ នៅក្នុង​វីដេអូ​នោះ​លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាងច្បាស់​ថា នៅពេល​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នឹង​កាត់​ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង ក្រចេះ ឲ្យ​វៀ​ណា​ម​ជនជាតិភាគតិច Degar ដើម្បីឱ្យ​ពួកគេ​គ្រប់គ្រង​ខេត្ត​ទាំង​បួន​នោះ ដោយ​ស្វ័យភាព​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​សារភាព​ថែម​ទៀតថា លោក​ពិតជា​បាន​ចុះហត្ថលេខា​ជាមួយ លោក Kok Ksor កាលពី​ឆ្នាំ​២០១៣ ពិតប្រាកដ​មែន នៅ​សហរដ្ឋអាមេរិក​។​

​តាម​បណ្តឹង​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​រវាង​ទណ្ឌិត សម រង្ស៊ី និង​ឈ្មោះ កុក ស មេដឹកនាំ​ចលនា​វៀតណាម​ជនជាតិភាគតិច Degar (​ម៉ុង​តា​ញ៉ា​) កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ប្រទេស​ហ្វីលីពីន បានបញ្ជាក់​យ៉ាងច្បាស់ ត្រង់​មាត្រា​៣ គឺ​ជនជាតិដើម​ភាគតិច Degar (​ម៉ុង​តា​ញ៉ា​) មាន​សិទ្ធិ​ស្វ័យភាព គឺមាន​សិទ្ធិ​ធ្វើ និង​អនុវត្ត​សេចក្តីសម្រេច​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង និង​តំបន់​របស់​ពួ​គេ​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា និង​មាត្រា​៥ ជនជាតិដើម​ភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា នឹងមាន​សិទ្ធិ​ពេញលេញ ប្រសិនបើ​ពួកគេ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ គឺ​ក្នុងន័យ​ថា បើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាងទៀត ក្នុង​វិ​ដេ​អូ​របស់​ទណ្ឌិត សម រង្ស៊ី ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ខ្លួន​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តក្រចេះ ឱ្យ​ជនជាតិ​វៀតណាម​ភាគតិច​ម៉ុង​តា​ញ៉ា គ្រប់គ្រង​ដោយ​ស្វ័យភាព​។​

​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម បាន​ចាត់ទុកថា វីដេអូ​សកម្មភាព និង​ទង្វើ​ដែល​ចុះហត្ថលេខា ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ដែនដី ដែល​ធ្វើឡើង​ដោយ​ទណ្ឌិត សម រង្ស៊ី គឺជា​អំពើ​ក្បត់ជាតិ​យ៉ាងពិត​ប្រាកដ​។ ជាមួយគ្នានេះ អង្គភាព​មាន​សមត្ថកិច្ច​មួយ​នេះ ក៏បាន​ស្នើឱ្យ​តំណាង​អយ្យការ ទទួល​ចាត់ការ​ចំពោះ អំពើ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឹកដី​ឲ្យ​ជនបរទេស​រវាង​ឈ្មោះ សម រង្ស៊ី និង​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕