អាមេរិក ៖ តាមរយៈសារTwitter របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ បានប្រកាសដកលោក Rex Tillerson ចេញពីតំណែងរដ្ឋមន្ត្រីការបរទេស និងដាក់ជំនួសមកវិញ ដោយលោកMike Pompeo ប្រធានទីភ្នាក់ងារសម្ងាត់ CIA។
លោក ដូណាល់ ត្រាំ បានសរសេរថា លោក Mike Pompeo ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA នឹងចូលមកជំនួសលោក Rex Tillerson ក្នុងពេលលោកស្រី Gina Haspel ដែលបច្ចុប្បន្នជាអនុប្រធានរបស់CIA នឹងក្លាយជាប្រធានស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក។ លោក ត្រាំ សរសេរបញ្ជាក់ថា លោកMike Pompeo នឹងក្លាយជាប្រមុខការបរទេសថ្មីរបស់អាមេរិក។ គាត់នឹងធ្វើការដ៏ល្អអស្ចារ្យ” នេះ ចំណែក លោកស្រី Gina Haspel អនុប្រធានរបស់ CIA នឹងក្លាយជាស្ត្រីអាមេរិកាំងទី១ ដែលបានចូលកាន់តំណែងជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហ រដ្ឋ អាមេរិក។
បើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក លោក Steve Goldstein បាននិយាយថា លោក រេច ធីល័រសុន (Rex Tillerson )ដែលទើបត្រលប់មកពីធ្វើទស្សនកិច្ចនៅ អា ហ្វ្រិក មិនបាននិយាយជាមួយលោកដូណាល់ ត្រាំ ទេ នៅថ្ងៃអង្គារទី១៣ មីនា នេះ ហើយក៏មិនបានដឹងពីមូលហេតុដែលរូបលោកត្រូវ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកចេញពីមុខតំណែងនោះ ដែរ។
លោក Steve Goldstein បានបន្ថែមថា នៅមុនឡើងយន្តហោះទៅរដ្ឋកាលីហ្វ័នី នៅថ្ងៃអង្គារ នេះ លោក ដូណាល់ ត្រាំ បាននិយាយប្រាប់អ្នកកាសែត ថា រូបលោក និងលោក ធ័រល័សុន មិនយល់ស្របគ្នាលើសំណុំរឿងជាច្រើន ដូចជារឿងកូរ៉េខាងជើង ការលូកដៃរបស់រុស្ស៊ី ក្នុងការ បោះឆ្នោតនៅអាមេរិក និងជាពិសេសសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក Steve Goldstein បានបន្ធែមទៀតថា លោក រេច ធីល័រសុន ដែលជាមហាសេដ្ឋីប្រេងមួយរូប ត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសជាប្រមុខការបរទេសអាមេរិក តាំងពីដើម អាណត្តិ។ ប៉ុន្តែ បន្តិចម្តងៗ លោក ដូណាល់ ត្រាំ បានដកទំនុកចិត្តពីរដ្ឋមន្ត្រីការបរទេស លោក រេច ធីល័រសុន ដែលលោក ត្រាំ យល់ថា មានជំហរ និងមានគំនិតមិនដូចនឹងលោក។
សូមរំលឹកថា ព័ត៌មានដកលោករេច ធីល័រសុន និងដាក់ជំនួសដោយប្រធានទីភ្នាក់ងារCIA ធ្លាប់ត្រូវបានកាសែត New York Times ចុះផ្សាយម្តងហើយ កាលពីខែវិច្ឆិកា ឆ្នាំមុន។ ប៉ុន្តែ កាលណោះ លោក ដូណាល់ ត្រាំ បានបដិសេធ និងចាត់ទុកថា ជាការចុះផ្សាយនីវព័ត៌មានមិនពិត៕