ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលី នារសៀលថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី រួមនិងការបំពេញទស្សនកិច្ចមួយចំនួនទៀតនៅទីនោះ ៖ V.O: តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រីអូស្រា្តលីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៥ ខែមីនានេះ បានធ្វើដំណើរចាកចេញពីមាតុប្រទេស ទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ។
តាមការបញ្ជាក់របស់ ឯ.ឧ. ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មុនពេលចេញដំណើរពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលរៀបចំធ្វើនៅឆ្នាំនេះ គឺជាកិច្ចប្រជុំលើកទី២ ដោយកិច្ចបប្រជុំលើកទី១ត្រូវបានរៀបចំធ្វើលើ នៅក្នុងប្រទេសឡាវ កាលពីឆ្នាំ២០១៥។
ឯ.ឧ. បានលើកឡើងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ក្នុងឆ្នាំនេះ នឹងពង្រឹងពង្រីកបន្ថែមទៀតលើវិស័យវិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ជាពិសេសកិច្ចសហប្រតិបត្តិការទប់ស្កាត់អំពើរភេរវកម្មតាមគ្រប់រូបភាពទាំងអស់។ ចំនុចសំខាន់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី គឺសម្តេចតេជោនាយករដ្ឋមន្ត្រី រួម ជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងរួមគ្នាចេញសេចក្តីថ្លែងការណ៌អូស្ត្រាលី ជាពិសេសការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងអស់ ក៏នឹងជួបជាមួយនិស្សិតអូស្ត្រាលីដែលកំពុងសិក្សានៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី រួមនិងនិស្សិតប្រទេសសមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្ត្រាលីផងដែរ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលីនាពេលនេះ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្ត្រីអូស្រា្តលី និងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានមួយចំនួនផងដែរ។ អ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនអាចខកខាននោះ គឺការជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅអូស្ត្រាលី និងជួបជាមួយនិស្សិតកម្ពុជាដែលសិក្សានៅអូស្ត្រាលី ដើម្បីស្វែងយល់ច្បាស់ពីស្ថានភាពរស់នៅ និងការសិក្សា នៅទីនោះ ៕