ភ្នំពេញ ៖ គ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន៣៥២,៦៣៥ដុល្លារអាមេរិក ដល់អង្គភាពចំនួន៤ សម្រាប់គម្រោងអភិវឌ្ឍ និងកែលម្អវិស័យអប់រំកម្រិតមូលដ្ឋានឱ្យកាន់តែប្រសើរ។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសារ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយ នាព្រឹកថ្ងៃទី១៦ខែមីនានេះ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជាថា ថវិកាចំនួន៩០,៧២៧ដុល្លារអាមេរិក បានត្រូវផ្តល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប សម្រាប់គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យធ្លកអណ្ដូង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ថវិកា៨៧,៨៧៩ ដុល្លារអាមេរិក ផ្តល់ជូនមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ សម្រាប់គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យគោកងួន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថវិកាចំនួន៨៧,៤១៩ ដុល្លារអាមេរិក ផ្តល់ជូនមន្ទីរអប់រំ យុវជននិងកីឡាខេត្តឧត្ដរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាអាតោ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
ចំណែកថវិកាចំនួន៨៦,៦១០ដុល្លារអាមេរិក ផ្តល់ជូន អង្គការសាម៉ារីតានភឺសសង្គ្រោះអន្តរជាតិសម្រាប់គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាដំណាក់កកោះ និងសាលាបឋមសិក្សាល្បើកស្វាយ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបញ្ជាក់ថា សម្រាប់ជំនួយលើគម្រោងទាំងនោះ នឹងជួយផ្តល់ឱ្យសិស្សានុសិស្ស នៅក្នុងតំបន់ទាំងនោះ បានសិក្សារៀនសូត្រ ក្នុងបរិស្ថាន ដែលមានផាសុខភាព និងសុវត្ថិភាព៕