ភ្នំពេញ ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ត្រូវបានតម្កល់ទោសដាក់ឲ្យជាប់ពន្ធនាគារដដែល ក្រោយតុលាការកំពូលបើកសវនាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សម្រេចមិនព្រមដោះលែងជនត្រូវចោទទាំងពីរនាក់នេះទេ។ នេះបើតាមការបញ្ជាក់របស់លោកកែវ វ៉ាន្នី មេធាវីការពារសិទ្ធិជនត្រូវចោទទាំងពីរនាក់ ។
មន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា នៅ ពេល នេះ សមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀតនោះគឺរូបភាពនិងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិច ជាមួយបរទេស នៅក្នុងប្រទេស កម្ពុជា។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថារូបភាពនិងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែល ជួនកាល លោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុស ក្នុងការ សម្តែង នោះផងដែរ ដែលត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តង ដែល អាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វើឱ្យប៉ះពាល់ អាប់ឱន ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។
អតីតបុគ្គលិកអាស៊ីសេរី២រូបគឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបាន អាជ្ញា ធរ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលបង្កឱ្យមានការ អន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាច ប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃ ស៕