កំពង់ចាម ៖ បច្ចុប្បន្ន នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គំពុងសម្លឹងមើលសក្ដានុពលឥណទានក្នុងខេត្តកំពង់ចាម ស្របពេលវិស័យធនាគារកម្ពុជាកាន់តែមានសន្ទុះ
ដោយសារខេត្តកំពង់ចាម ជាខេត្តដែលមានចំនួនប្រជាជនច្រើនទីពីរក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃប្រជាជនដែលរស់នៅខេត្តមួយនេះប្រកបអាជីវកម្មលក់ដូរ ធ្វើចំការ ខ្នាតធំ និងបើកហាងផ្សេងៗជាដើមនោះ ទើបមានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានបើក សាខានៅទីនោះ ជាក់ស្ដែង មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ក៏បានសម្លឹងរកការវិនិយោគវិស័យហិរញ្ញវត្ថុ ក្នុងខេត្តនេះដែរ ។
កាលពីពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនហ្វាយនែនស៍ បានរៀបចំជាក្បួនផ្សព្វផ្សាយពីសេវាកម្មនិងផលិតផលរបស់ខ្លួន ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដើម្បីអោយជ្រាប និងអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនានារបស់គ្រឹះស្ថាននេះ ។
គេកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋក្នុងដ៏មានសក្ដានុពលនេះ ហាក់មានការចាប់អារម្មណ៍លើសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនហ្វាយនែនស៍ ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានប្រសាសន៍ថា សាខាថ្មី នៅខេត្តកំពង់ចាមនេះ គឺជាសាខាទី៦ របស់គ្រឹះស្ថានព្រីនហ្វាយនែនស៍ ហើយលោកជឿជាក់ថា ប្រជាពលរដ្ឋនិងសហគ្រាសនានានៅខេត្តកំពង់ចាមនឹងទទួលបាននូវភាពងាយស្រួលជាងមុន និងមានសេចក្តីពេញចិត្តចំពោះជម្រើសសេវាឥណទានកាន់តែសម្បូរបែប និងល្អឡើង ។
លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសព្វថ្ងៃ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានទិសដៅក្នុងការបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឲ្យបានយ៉ាងឆាប់រហ័ស សំដៅមានបណ្តាញសាខានៅស្ទើរគ្រប់ខេត្តបន្ថែមលើសាខានៅរាជធានីភ្នំពេញ ហើយធ្វើយ៉ាងណាឲ្យក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលជាជម្រើសទី១ របស់អតិថិជនជានិច្ច ។
គួរបញ្ជាក់ដែរថា គិតត្រឹមចុងឆ្នាំ២០១៧នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានពង្រីកវិសាលភាពសេវា និងបណ្តាញប្រតិបត្តិការនៅតាមរាជធានី-ខេត្តដោយមានសាខាចំនួន២,១៦៤កន្លែង និងម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ(ATM)ចំនួន១,៨០៤ម៉ាស៊ីន ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា ៕