ភ្នំពេញ៖ មន្ត្រីខុទ្ទកាល័យរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា លោកមុត ចន្ថា ប្រធានខុទ្ទកាល័យ បានប្រាប់នៅព្រឹកថ្ងៃទី០៤ ខែមេសានេះថា ខាងខុទ្ទកាល័យរបស់លោក បានចុះហត្តលេខាទទួលយក ដីកាកោះហៅ លោកកឹម សុខា រួចហើយ។ប៉ុន្តែចំពោះលោកកឹម សុខា ទៅបំភ្លឺនៅតុលាការឬមិនទៅនោះ គឺលោកមិនអាចបកស្រាយបានទេ។ ដោយលោកមុត ចន្ថា គ្រាន់តែបញ្ជាក់ថា ក្រុមមេធាវីរបស់លោកកឹម សុខា កំពុងតែធ្វើការងារនេះទៅតាមនីតិវិធី នៃច្បាប់។
សូមបញ្ជាក់ថា ដីកាកោះហៅលោកកឹម សុខា ឲ្យទៅចូលបំភ្លឺនៅថ្ងៃទី០៨ ខែមេសា ខាងមុខនេះ បានធ្វើឡើងដោយតំណាងអយ្យការអមដំបូងរាជធានីភ្នំពេញតាមរយៈ ក្រសួងយុត្តិធម៌ ហើយក៏បញ្ជូនទៅកាន់រដ្ឋសភា គឺដើម្បីសាកសួរបន្ថែម ពាក់ព័ន្ធ នឹងសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅផ្លូវវេងស្រេង កាលឆ្នាំ២០១៤។
ជាការកត់សម្គាល់ តុលាការដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី០៨ ខែមេសា ធ្វើឡើងក្រោយពីមានការស្នើ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ ទៅលើលោក កឹម សុខា ចំពោះពាក្យសំដីដែលចង់ផ្តួលរលំរដ្ឋាភិបាល តែមិនបានសម្រេច ៕