ភ្នំពេញ ៖ សពនារីរងគ្រោះដែលត្រូវឃាតកសម្លាប់ដាក់ក្នុងទឹកកក រួចយកទៅប្លុងចោលក្បែរ គល់ស្ពានព្រែករូង ២ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទិ១៦ ខែមីនា កន្លងមកនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអត្តសញ្ញាណ និងសាច់ញាតិហើយ។
សមត្ថកិច្ចបានឱ្យដឹងថា សពនារីរងគ្រោះ មានឈ្មោះ ឃឿន ធានី អាយុ ២៩ ឆ្នាំស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម។ សពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមគន្លងប្រពៃណីរួចហើយ។
សូមរំលឹកថា ការភ្ញាក់មួយបានផ្តើមឡើង នៅក្រោយពេលគេប្រទះឃើញធុងទឹកកកធុនធំ មួយ ដែលក្នុងនោះជនដៃដល់បានញាត់សពនារីរងគ្រោះម្នាក់ យកទៅទម្លាក់ចោលនៅក្បែរស្ពាន ព្រែករូង២ តាមផ្លូវជាតលេខ៦A ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីរសៀលថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ២០១៨ នេះ។ តាមការពិនិត្យសាកសពនារីរងគ្រោះត្រូវបានឃាតករកាប់ចញ្ច្រាំ ជា ច្រើនកាំបិតបណ្តាលឲ្យស្លាប់ រួចទើបដាក់ចូលក្នុងធុងទឹកកក ហើយយកទៅទម្លាក់ចោល ដើម្បី បំបិទ ដាន។រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពី មូលហេតុ នៃអំពើឃាតកម្មនេះ នៅឡើយទេ ដោយគ្រាន់តែអះអាងថា សមត្ថកិច្ចកំពុងតែមមាញឹកក្នុងការស្រាវជ្រាវវែកមុខឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសទៅតាមច្បាប់ប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បាន និងកំពុងសហការជាមួយ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តធ្វើការស្រាវជ្រាវករណី ឃាតកម្មដ៏អាថ៌កំបាំងនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕