ភ្នំពេញ ៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៨ នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការសម្លាប់ស្ដ្រីម្នាក់ ញាត់ចូលក្នុងធុង ទឹកកកក្លាសេ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក តាមបណ្តោយផ្លូវ 6A ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។ នាងទើបមកពីប្រទេសកូរ៉េបានមួយឆ្នាំ។
ព័ត៌មានពីក្រុមគ្រួសារបានអោយដឹងថា ទ្រព្យសម្បត្តិដែលនៅជាប់ហ្នឹងខ្លួនរបស់នាង រួមមានម៉ូត ZOOMER មួយគ្រឿង ខ្សែក ខ្សែជើង ខ្សែដៃ កងដៃ និងចិញ្ចៀនពេជ្រ ១វង់ផងដែរ។
តាមរបាយការណ៍បានឲ្យុដឹងថា សម្ភារៈដែលសមត្ថកិច្ចពិនិត្យឃើញក្នុងធុងទឹកកក រួមមាន សាកសពស្ត្រីរងគ្រោះ មួកសុវត្ថិភាព១ កាបូបដៃ១ ក្នុងនោះមានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែ ចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១អាវទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌សឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។នៅលើមុខសាកសព និងស្មាខាងស្តាំ មានស្នាមបាញ់ស្ព្រាយ(ថ្នាំពណ៌ខ្មៅ) មានស្នាមរបួសត្រង់គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូងនិងលើពោះចំនួន ២០ កន្លែង ធ្លុះ៧ កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំបះគូថ ទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១កន្លែង និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងដោយសមត្ថកិច្ចចម្រុះ ហើយពេលនេះ កម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យ ទៅឆែកឆេរផ្ទះនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១៨ មីនា នេះ សមត្ថិកច្ចមិនទាន់ផ្តល់នូវព័ត៌មានពិស្តារជុំវិញករណីដែលឈានទៅដល់ការធ្វើឃាតយ៉ាងព្រៃផ្សៃលើស្ត្រីរងគ្រោះនោះនៅឡើយទេ។
សូមរំលឹកថា កាលពីវេលាម៉ោង ២និង២៤នាទី រសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បី បាន ប្រទះឃើញធុងទឹកកកពណ៌ក្រហម ចំណុះ២០០លីត្រមួយចាក់សោរ រួចក៏ បានរាយការណ៍ប្រាប់នគរបាលចរាចរណ៍ ដែលឈរប្រចាំការនៅគោលដៅក្បែរនោះ៕(រូបភាព ៖ freshnews)