ភ្នំពេញ ៖ ក្រុមហ៊ុនបញ្ជាទិញដ៏ធំមួយមកពីសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា ខ្លួនពេញចិត្តទំនិញផ្នែកវាយនភណ្ឌ ដែលចេញពីប្រទេសកម្ពុជា ហើយនៅតែបន្តបង្កើននូវការបញ្ជាទិញ អោយកាន់តែច្រើនបន្តទៀត ព្រោះថា អ្វីដែលក្រុមហ៊ុនចង់បាន គឺវាស្របទៅនឹងគោលនយោបាយ របស់រដ្ឋាភិបាលមួយនេះដែលបាននឹងកំពុងយកចិត្តទុកដាក់ ក្នុងផ្តល់ជូនដល់កម្មករ និយោជិត ជាពិសេសការផ្តល់លក្ខខណ្ឌការងារល្អ ការផ្តល់ប្រាក់ឈ្នួលល្អ និងបានគិតគូរពីកន្លែងស្នាក់នៅ ទឹកស្អាត អគ្គិសនី ការអប់រំ និងបញ្ហាបរិស្ថាន ទៀតផង។
ការអះអាងជាថ្មីបែបនេះ បានធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារ រវាង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្ម វីអែស (VF Corporation) កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
លោកបណ្ឌិត រដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា ជំនួបជាលើកទី២នេះ ធ្វើឡើងដើម្បីស្វែងយល់ពីការវិវត្នន៍ នៃការអនុវត្តនូវច្បាប់ ស្តីពី ការងារ ច្បាប់ស្តីពីសហជីព និងបទដ្ឋាននានា ក្នុងការធានានូវលក្ខខណ្ឌការងារ ការការពារ សិទ្ធិសេរីភាពកម្មករ ក៏ដូចជាការគាំពារដល់សុខុមាលភាព កម្មករ និយោជិត។ អ្វីដែលជាកង្វល់របស់សាជីវកម្មមួយនេះ គឺជាលទ្ធផលដ៏ល្អដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើដោយយកចិត្តទុកដាក់ ហើយទទួលបានការគាំទ្រពីគ្រប់ភាគីថែមទៀតផង។
លោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្មវីអែស (VF Corporation) បានសំដែងនូវការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្ត ជាពិសេស ការខិតខំបង្កឱ្យមានបរិយាកាសយ៉ាងល្អនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបន្តកែលំអរលក្ខខណ្ឌការងារ សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ និងការផ្តល់កិច្ចគាំពារទាំងសុខុមាលភាព សុខភាព និងសុវត្ថិភាព ដែលទាំងនេះ ស្របទៅនិងគោលការណ៍ស្នូល នៃសាជីវកម្មវីអែស (VF Corporation) ។
លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាន៍ថា ការជួបគ្នាលើកនេះ គឺដើម្បីពិនិត្យមើលពីវឌ្ឍនភាពភាគីពាក់ព័ន្ធនឹងកង្វល់មួយចំនួនដែលបានលើកឡើង កាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។ មកដល់ពេលនេះ កង្វល់ទាំងនោះត្រូវបានដោះស្រាយ ដែលធ្វើឱ្យគ្រប់ភាគីពេញចិត្ត នូវអ្វីដែលយើងបានពិភាក្សាគ្នា ពីលើកមុនមក ដោយមានបរិយាកាសល្អ ជាពិសេសការបញ្ជាទិញ នៅតែមាន ហើយសាជីវកម្ម VF នៅតែសន្យាបន្តបង្កើននូវការបញ្ជាទិញអោយកាន់តែច្រើនថែមទៀត។
លោកបណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា យើងនឹងពិនិត្យរួមគ្នា នូវគម្រោងមួយចំនួនទៀត ដែលទាក់ទងទៅនឹងបញ្ហាសុវត្ថិភាព នៃការធ្វើដំណើររបស់កម្មករ ការដោះស្រាយបញ្ហាដួលសន្លប់ជាដើម ដូច្នេះ វាជាព័ត៌មានដ៏ល្អមួយ សម្រាប់សាជីវកម្ម VF ក្នុងការធានាជាមួយដៃគួរ និងអតិថិជនរបស់ខ្លួនថា កម្ពុជានៅតែជាជម្រើសប្រភពទំនិញ និងនៅតែជាដៃគូរយូរអង្វែងបន្តទៀត ដែលក្រុមហ៊ុនយក្សមួយនេះចង់បានការធានាថា តម្លៃនៃគោលការណ៍ស្នូលក្នុងការធ្វើពាណិជ្ជកម្មរបស់ខ្លួនដោយផ្អែកលើការគោរពសិទ្ធិសេរីភាព សុខុមាលភាព និងកិច្ចគាំពារ ដល់កម្មករ និយោជិត។ អ្វីដែលធ្វើ VF កាន់តែពេញចិត្ត នឹងសន្យាយកកម្ពុជាជាដៃគូរបន្តទៀត គឺថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ទៅនឹងការអនុវត្តនូវលក្ខខណ្ឌការងារល្អ បង្កើតអោយមាននូវប្រភពទំនិញមួយដែលជាទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចកំលាំងពលកម្ម សិទ្ធិសេរីភាពរបស់កម្មករ ការអនុវត្តសិទិ្ធសេរីភាពអង្គការវិជ្ជាជីវៈ សេរីភាពសហជីព។
ទន្ទឹមនឹងនេះ ការធានាបាននូវតម្លាភាព និងភាពជឿជាក់ ដោយសារតែកម្ពុជា មានគម្រោងដៃគូរល្អៗមួយចំនួន ដូចជាគម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា គម្រោងបទដ្ឋានសង្គម និងការងារក្នុង វិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី របស់អាឡឺម៉ង់ និងគម្រោងគំនិតផ្តួចផ្តើមសកល កិច្ចព្រមព្រៀងជាសកល របស់ស៊ុយអ៊ែត ដែលកំពុងតែប្រតិបត្តិការ ជាក្នុងភាពជាដៃគូរជាមួយ និងក្រសួង ក្នុងការពង្រឹងនូវលក្ខខណ្ឌការងារ និងតម្លាភាពនៅតាមរោងចក្រសហគ្រាស។
ពាក់ព័ន្ធទៅនឹងបញ្ហាដួលសន្លប់ និងគ្រោះថ្នាក់ចរចរណ៍ ក៏មានគម្រោងមួយ ដែលអ្នកបញ្ជាទិញ ILO និងក្រសួងការងារ បាននិងកំពុងកែលំអអោយវាមានភាពប្រសើរឡើង នូវមធ្យោបាយដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករ ទាក់ទងទៅនឹងការដួលសន្លប់ បានបង្កើតនូវយន្តការមួយ ដោយមានកិច្ចសហការគ្នា ជាមួយក្រសួងពាក់ព័ន្ធ ដែលមានក្រសួងការងារ ក្រសួងសុខាភិបាល អង្គការILO ក៏ដូចជាអង្គការសុខភាពពិភពលោក ដើម្បីរកនូវដំណោះស្រាយឆ្លើយតបអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពថែមទៀតដើម្បីទប់ស្កាត់ករណីដួលសន្លប់នេះ៕