ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន រួចព្រួតវាយឡើងទ្រមខ្លួនបែកឈាមពេញខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៩ មីនា ឆ្នាំ២០១៨ នៅចំណុចនៅក្បែផ្សារថ្មី តាមបណ្ដោយផ្លូវ៥៣ កែងនិងផ្លូវ១២៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ក្រោយពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពឆក់កាបូបពីប្ដីប្រពន្ធជាជនជាតិបរទេសបានសម្រេច ។
ជនសង្ស័យខាងលើដែលប្រជាពលរដ្ឋចាប់បានព្រួតគ្នាវាយឡើងទ្រមខ្លួននោះ មានឈ្មោះ ទូច ចាន់ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដឹកប្រពន្ធលក់ត្រី ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB -4126 តែម្នាក់ឯង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដើរជាមួយប្ដី ដែលជនរងគ្រោះជាជនជាតិបរទេស បានសម្រេចនៅតាមដងផ្លូវព្រះនរោត្ដម ក្បែររោងកុនលុច ។ ភ្លាមនោះ ប្រជាពលរដ្ឋដែលឃើញសកម្មភាពជាក់ស្ដែងបែបនេះ ក៏ស្រែកថា ចោរៗៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាំគ្នាជិះម៉ូតូដេញតាម ហើយជនសង្ស័យភ័យស្លន់ស្លោ បានជិះម៉ូតូព្យាយាមគេចខ្លួនរហូតទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានប្រពលរដ្ឋព័ទ្ធចាប់បាន និងព្រួតគ្នាវាយឡើងបែកមុខបែកមាត់ ហូរឈាមជោកខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ដាក់ខ្នោះជនសង្ស័យ និងនាំយកម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងវត្ថុតាង និងជនរងគ្រោះ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មី១ ។
បន្ទាប់ក្រោយមក សមត្ថកិច្ចបានពិនិត្យមើលវត្ថុតាង(កាបូបជនរងគ្រោះ)ពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីក្នុងកាបូបនោះឡើយ ទើបសមត្ថកិច្ចធ្វើឯកសារប្រគល់វត្ថុតាងឲ្យទៅជនរងគ្រោះវិញ ។ ដោយឡែកជនសង្ស័យខាងលើ រួមនិងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចធ្វើឯកសារ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
សូមបញ្ចាក់ផងដែរថា ជនសង្ស័យខាងលើ ត្រូវបានប្រជាពលរដ្ឋបង្ហើបប្រាប់ថា ជាមុខសញ្ញាយ៉ាងសកម្ម ខាងជិះម៉ូតូឆក់ លួចគាស់ផ្ទះប្រជាពលរដ្ឋ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋផ្សែងៗជាច្រើនទៀត ហើយជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធធានាគា២ដងមកហើយ ៕