កំពង់ឆ្នាំង ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណ:ការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ បានអញ្ជើញធ្វើដំណើរឆ្លងកាត់និងត្រួតពិនិត្យស្ថានភាពផ្លូវ លេខ (៥០C ) ដែលតភ្ជាប់ ពីខេត្តកំពង់ធំ មកខេត្តកំពង់ឆ្នាំង ។ អមដំណើរក្នុងពេលនោះមានលោក សុខ លូ អភិបាលខេត្តកំពងធំ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រូមនិងមន្ត្រីរាជការជាច្រើនរូបទៀត ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ផ្លូវលេខ ៥០សេ នេះ ជាផ្លូវធ្វើថ្មី ដែលកសាងដោយ ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រវែង ៣៤គីឡូម៉ែត្រ តភ្ជាប់ពីចំណុចភូមិង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែបើយើងគិតត្រឹម មាត់កំពង់ដរ ចំណុចវត្តពោធិអណ្តែត ក្នុងស្រុកកំពង់លែងវិញ គឺមានប្រវែង សរុប ៥៣គីឡូម៉ែត្រ ។
ផ្លូវនេះបានតភ្ជាប់គ្នារួចហើយ ដោយចាក់ជាផ្លូវក្រាលគ្រួសក្រហម ។
លោកបានបញ្ជាក់ថា ផ្លូវមួយខ្យែនេះមានសារសំខាន់ខ្លាំងណាស់ ដែលអាចអោយប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ចង់ធ្វើដំណើរទៅខេត្តកំពង់ធំ ឬខេត្តសៀមរាប គឺបានលឿនរហ័ស ដោយត្រូវចំណាយពេលតែប្រហែល១ម៉ោង គឺពីកំពង់ឆ្នាំង ដល់កំពង់ធំហើយ ម្យ៉ាងវិញ ទៀតផ្លូវមួយខ្យែនេះ ក៍ជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខានផងដែរ ព្រោះកសិផល ផ្សេងៗ ពិសេស ស្រូវប្រាំង គឺបងប្អូនប្រជាពលរដ្ឋ ធ្វើបានច្រើនណាស់ អាចដឹកទៅលក់ នៅខាងកំពង់ធំ ឬ ខាងកំពង់ឆ្នាំង បានលឿនឆាប់រហ័យ ដោយមិនពិបាកដឹកវៀងដូចមុនទៀតទេ ។
កាលពីមុន អ្នកខេត្តកំពង់ឆ្នាំង ចង់ទៅខេត្តកំពង់ធំ ធ្វើធ្វើដំណើរកំសាន្ត ទៅខេត្តសៀម រាប គឺត្រូវវាងទៅឆ្លងស្ពានព្រែក ក្តាម ឡើងទៅផ្លូវជាតិលេខ៦ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ តែពេលនេះ អ្នកខេត្តកំពង់ឆ្នាំង ចង់ ទៅខេត្តកំពង់ធំ ឬ ខេត្តសៀមរាប អាចទៅបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែឆ្លងដរ ចំណុចកំពង់ផែផ្សារក្រោម ក្រុងកំពង់ឆ្នាំង ទៅដល់ស្រុកកំពង់កំពង់លែង រួចធ្វើដំណើរ លើផ្លូវ ក្រាលកៅស៊ូខ្លះ ផ្លូវគ្រួសក្រហមខ្លះ គឺទៅដល់ខេត្តកំពង់ធំហើយ គឺចំណេញទាំងពេលវេលា ចំណេញ ទាំងថវិការ នេះហើយ ដែលហៅថា រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ដែរថា តាមគម្រោងរបស់ក្រសួងសាធារណៈការ ផ្លូវមួយខ្យែនេះ នឹងត្រូវកសាងដោយចាក់បេតុង មានចម្ងាយ ៣៤គីឡូម៉ែត្រពីចំណុចភូមិកង្កែប ឃុំច្រណូកស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ព្រោះតែចំណុចផ្លូវនេះ ជាផ្លូវលិចទឹក ក្នុងរយៈពេល៣ខែ ក្នុងខែវស្សា ម្លោះហើយការធ្វើផ្លូវបេតុងនេះគឺដើម្បីធានា ពេលទឹកស្រកទៅវិញ ផ្លូវនៅរឹងមាំអាចធ្វើដំណើរបាន ក៍ប៉ុន្តែពេលនេះ ក្រសួងបានធ្វើត្រឹមតំណាក់កាលទី១នៅឡើយទេ ហើយតាមគម្រោងផ្លូវបេតុងនេះ អាចនឹងបន្តធ្វើនៅឆ្នាំក្រោយ ទៀត។
ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ពិតជាមានមោទនៈភាព ខ្លាំងណាស់ ព្រោះតែបានផ្លូវមួយខ្យែ ដែលពុំធ្លាប់មានពីមុនមក និងដែលធ្វើអោយប្រជាពលរដ្ឋធ្លាប់ ជួបការលំបាកយូហើយ ព្រោះតែពេលត្រូវឆ្លងកាត់ទៅមកខេត្តទាំងពីរនេះត្រូវធ្វើដំណើរផ្លូវវាង ឆ្ងាយចំណាយទាំងពេលវេលា ចំណាយទាំង ថវិកា។
ជាមួយគ្នានេះដែរ ពួកគាត់ក៍សំណូមពរអោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិសេស សម្តេចតេជោហ៊ុន សែន កសាងផ្លូវមួយខ្យែនេះ អោយទៅជាផ្លូវចាក់បេតុង អោយបានឆាប់ ដើម្បីធានាការប្រើប្រាស់យូ អង្វែង កុំអោយខូចខាត ពេលខែទឹកឡើង ជារាងរាល់ឆ្នាំ៕