ភ្នំពេញ ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារសៀលថ្ងៃទី១៩ ខែមីនា នេះ លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ទទួលជួបជាមួយគណៈប្រតិភូពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងមួយ ក្រុម ដឹកនាំដោយលោក អ៊េតវឺត យ៉ាវ លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដោយក្នុងជំនួបនេះឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីភាពអំណោយផល នៃបរិយាកាសវិនិយោគ ជាពិសេសស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់
កម្ពុជា ដែលផ្តល់លទ្ធភាពអោយកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧% ក្នុង ១ឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ ។
លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំបែបនេះ បាន ធ្វើអោយកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តល់ទំនុកចិត្តដល់អ្នក វិនិយោគបរទេសអោយមកបណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់អ្នកវិនិយោគហុងកុង ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ ខ្លួន។
ប្រធានគណៈប្រតិភូពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងលោក អ៊េតវឺត យ៉ាវ បានសាទរចំពោះការរីកចំរើនខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានសន្យាអំពីការខិតខំក្នុងការទាក់ទាញអ្នកនិវិយោគហុងកុងអោយមកបណ្តាក់ទុននៅកម្ពុជា អោយបានច្រើនឡើងបន្ថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងខាងផ្នែក សេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
យោងតាមការកត់ត្រារបស់ក្រុមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ការវិនិ យោគរបស់ហុងកុងនៅកម្ពុជាពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧កន្លងទៅ មានចំនួន ២៥៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.៣៣ពាន់លានដុល្លារអាមេរិក ស្មើនឹង ២,១៤% នៃទុនវិនិ យោគសរុប។
ដោយឡែកការវិនិយោគរបស់ហុងកុងក្នុងឆ្នាំ២០១៧ គឺមានចំនួន ១៣គម្រោង ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់ វិនិយោគប្រមាណ ៨៥លានដុល្លារអាមេរិក ស្មើនឹង ១.៦៤% នៃទុនវិនិយោគសរុបឆ្នាំ២០១៧៕