ព្រៃវែង ៖ ផ្លូវជាតិលេខ១១ ប្រវែងប្រមាណ៩៦គីឡូម៉ែត្រ ពីអ្នកលឿង ក្នុងស្រុកពាមរក៍ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក ឡើងវិញជាផ្លូវការ នៅព្រឹកថ្ងៃ សុក្រនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ផ្លូវមួយខ្សែនេះ ត្រូវសាងសង់ឡើងវិញក្រោម ហិរញ្ញប្បទានរបស់សាធារណៈរដ្ឋប្រជាមានិត្យចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ៩៤លានដុល្លារអាមេរិក រួមនឹងថវិកាបដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយ ផលប៉ះពាល់។
ផ្លូវជាតិ១១នេះ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រលើកកំពស់ផ្លូវ និងពង្រីកទទឹងផ្លូវពី៩ម៉ែត្រទៅ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់ ៦០ស.ម។ ផ្លូវនេះនឹងត្រូវធ្វើការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ស្ពានរបស់ចិន និងត្រួតពិនិត្យ បច្ចេក ទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៤៤ខែ ចាប់ពីខែមីនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅដើម ឆ្នាំ២០២១ ខាងមុខ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនភ្លេចថ្លែងអរគុណចំពោះមិត្តចិន ដែលជាប្រទេសផ្តល់ ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវស្ពានច្រើនជាងគេបំផុតសម្រាប់កម្ពុជា។សម្តេចតេជោបាន អះអាងថា បើចិននៅតែជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ រួមនឹងឥរិយាបថការទូតរបស់ចិន ក្នុងភាពជាអ្នកជិតខាងល្អ ដោយគោរពអធិបតេយ្យភាពប្រទេសដទៃកម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាង ធំធេងពីការអភិវឌ្ឍរបស់ចិន។
គួរបញ្ជាក់ដែរថា សាធារណៈមានិត្យចិនបានផ្តល់ហិរញ្ញប្បទានដើម្បីធ្វើការសាងសង់ផ្លូវជាច្រើនខ្សែសម្រាប់កម្ពុជា។ គិតត្រឹមឆ្នាំ២០១៨ នេះ ចិនបានជួយធ្វើការសាងសង់ផ្លូវចំនួន២៣ខ្សែ សរុបប្រវែង២.៣០០គ.ម និងបានប្រើប្រាស់ថវិកាចំនួន១.៣០០លាននាក់។ ផ្លូវកំពុងសាងសង់ មានចំនួន៦ខ្សែ ប្រវែង៦០០គម ដែលប្រើប្រាស់៤៩០លានដុល្លារ ហើយក៍មានផ្លូវដែលកំពុងត្រៀមសាងសង់មានផ្លូវជាតិលេខ៣ និងផ្លូវក្រវាត់ក្រុងប្រវែង១៨៧គ.ម សរុបថវិកាដែលត្រូវចំណាយចំនួន៤៨៣លានដុល្លារ។
ដោយឡែក ចំពោះការសាងសង់ស្ពានវិញ ចិនបានផ្តល់ហិរញ្ញប្បទាន ដើម្បីសាងសង់រួចរាល់ចំនួន៧ សរុបប្រវែង៦.៨២៦ ម. គិតជាថវិកា ចំនួន២១៦លានដុល្លារ រួមជាមួយនិងស្ពានស្ទឹងត្រង់ដែលកំពុងធ្វើការសាងសង់ផងរដែរ៕