សូម៉ាលី៖ក្រុមអ៊ីស្លាមហ្សេបាប់ ដែល មានដើមកំណើតនៅប្រទេសសូម៉ាលី បានធ្វើការវាយប្រហារ នៅក្នុងបរិវេណសកលវិទ្យាល័យមួយ នៅក្រុងហ្គារីសា ប្រទេសកេនយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី ២ មេសា ដោយបានសម្លាប់មនុស្សចំនួន ១៤៨នាក់ ដែលក្នុងនោះភាគច្រើនជានិស្សិត។ ប្រទេសកេនយ៉ា ក៏ដូចជាសហគមន៍អន្តរជាតិ មានការតក់ស្លុតយ៉ាងខ្លាំង ចំពោះមុខឃាតកម្មដ៏យង់ឃ្នងរបស់ក្រុមអ៊ីស្លាមហ្សេបាប់។ មេរបស់ក្រុម ដែលជាអ្នកដឹកនាំការកាប់សម្លាប់នេះ ត្រូវបានគេស្គាល់មុខ ហើយគេកំពុងតាមរកចាប់ខ្លួន។ ដោយឡែក នៅថ្ងៃសៅរ៍នេះ ក្រុមហ្សេបាប់ បានផ្ញើសារភ្គើន និងគម្រាមប្រទេសកេនយ៉ា ថាឲ្យកេនយ៉ាត្រៀមខ្លួនទៅពីថ្ងៃនេះ ព្រោះពួកវានឹងបន្តបង្ហូរឈាមប្រជាជនកេនយ៉ាតទៅទៀត។
ក្នុងពេលតែមួយព្រឹក ១៤៨នាក់ ស្លាប់ក្នុងថ្លុកឈាម៖
ប្រជាជន កេនយ៉ា ជាពិសេសអ្នកនៅក្នុងក្រុង ហ្គារីសា ដែលជាកន្លែងកើតហេតុតែម្តង នៅមិនទាន់ បាត់តក់ស្លុតនៅឡើយទេ។ ក្រុងហ្គារីសា ស្ថិតនៅចម្ងាយប្រមាណជា១៥០ គីឡូមែត្រពីព្រំដែនរវាង កេនយ៉ា និងសូម៉ាលី។ ក្រុមអ៊ីស្លាមហ្សេបាប់នេះ មានដើមកំនើតនៅក្នុងប្រទេសសូម៉លី ហើយជាសាខាមួយ របស់ក្រុមអ៊ីស្លាមអាល់កាអ៊ីដា។ ពួកហ្សេបាប់ បានធ្វើការវាយប្រហារ នៅក្នុងបរិវេណសកលវិទ្យាល័យក្រុងហ្គារីសា ពេលទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍ទី ២ មេសា ដោយបានសម្លាប់អ្នកយាមទ្វារពីរនាក់។ បន្ទាប់មកពួកនេះ បានចូលទៅដល់កន្លែងសម្រាករបស់ក្រុមនិស្សិត ហើយ បានចាប់ប្រមូលនិស្សិតជាក្រុមៗ អ្នកខ្លះកំពុងតែដេកលក់ ភ្ញាក់ឡើងទាំងមមីងមមាំង។
តាមការរាយការណ៍របស់អ្នកដែលបានរួចជីវិត ពួកហ្សេបាប់ បានប្រមូលនិស្សិតជុំគ្នា តាមបន្ទប់ ហើយបំបែកជាពីរក្រុម មួយក្រុមជាក្រុមនិស្សិតដែលកាន់សាសនាអ៊ីស្លាម ហើយមួយក្រុមទៀត ជាក្រុមនិស្សិតកាន់សាសនាគ្រឹស្ត។ បន្ទាប់មកពួកវា បានអនុញ្ញាតឲ្យអ្នកកាន់សាសនាអ៊ីស្លាមរត់ចេញ ទៅក្រៅ មុននឹងពួកវាចាប់ផ្តើម ធ្វើការកាប់សម្លាប់ អ្នកដែលនៅសល់ ដែលសុទ្ធសឹងជាអ្នកកាន់សាសនាគ្រឹស្ត។
ក្នុងពេលតែមួយព្រឹក ពួកហ្សេបាប់ បានសម្លាប់ និស្សិតចំនួន ១៤២ នាក់ ទាហាន ៣នាក់ និងនគរបាល៣នាក់ទៀត ដោយខ្លះត្រូវពួកវាអារកទាំងរស់ ហើយខ្លះត្រូវពួកវាបាញ់សំលាប់។ សាកសពមនុស្សគរលើគ្នា នៅក្នុងថ្លុកឈាម ដ៏គួរឲ្យតក់ស្លុតជាទី បំផុត។ នេះជាការកាប់សំលាប់យ៉ាងធ្ងន់ធ្ងរបំផុត មិនធ្លាប់មាន ចាប់តាំងពីការធ្វើភេរវកម្ម កាលពីឆ្នាំ ៩៨ នៅស្ថានទូតអាមេរិក ក្នុងក្រុងណៃរ៉ូប៊ី ដែលបានសម្លាប់ជីវិតមនុស្ស ចំនួន ២១៣នាក់។
ហ្សេបាប់ផ្គើនកេនយ៉ា គម្រាមថានឹងបង្ហូរឈាមនៅកេនយ៉ា ដើម្បីសងសឹក៖
មេក្រុមពួកហ្សេបាប់ និងដែលជាអ្នកបញ្ជាឲ្យមានការកាប់សម្លាប់ មនុស្ស១៤៨នាក់ កាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេស្គាល់ ឈ្មោះថា ម៉ូហាម៉េដ គូណូ។ រដ្ឋាភិបាលកេនយ៉ា បានសន្យាផ្តល់ប្រាក់ចំនួន ២០ម៉ឺនដុល្លារ ដល់នរណាដែលស្គាល់កន្លែងលាក់ខ្លួនរបស់ជននេះ។ ម៉ូហាម៉េដ គូណូ នេះតាមពិតជាជនជាតិកេនយ៉ា តែមានដើមកំណើតសូម៉ាលី។ ជននេះធ្លាប់ធ្វើជាគ្រូបង្រៀន នៅក្នុងសាលាសាសនាអ៊ីស្លាមមួយ នៅក្នុងក្រុងហ្គារីសា រហូតដល់ឆ្នាំ ២០០៧ មុននឹងចូលទៅប្រឡូកជាមួយក្រុមអ៊ីស្លាមផ្តាច់ការ។ ម៉ូហាម៉េដ គូណូនេះ ត្រូវបានគេស្គាល់ថា ធ្លាប់បានដឹកនាំក្រុមហ្សេបាប់ ធ្វើភេរវកម្មម្តងរួចទៅហើយ កាលពីឆ្នាំ២០១៤ នៅក្រុង ម៉ានដេរ៉ា ក្នុងតំបន់ជាមួយគ្នា នឹងក្រុងហ្គារីសាដែរ។ ហើយបន្ទាប់ មកបានរត់គេចខ្លួន ទៅពួននៅសូម៉ាលី។
ទាក់ទិន នឹងមូលហេតុ ដែលធ្វើឲ្យក្រុមអ៊ីស្លាមហ្សេបាប់ វាយប្រហារកេនយ៉ា គឺយើងដឹងហើយថា ក្រុមហ្សេបាប់សូម៉ាលី ជាក្រុមអ៊ីស្លាមអាល់កាអ៊ីដា ដែលមានដើមកំណើត នៅក្នុងប្រទេសសូម៉ាលី។ ពួកនេះ បានធ្វើផ្គរធ្វើភ្លៀង ក្នុងប្រទេសសូម៉ាលី ជាច្រើនឆ្នាំមកហើយ។ សហគមន៍ប្រទេសអាហ្វ្រិកខាងកើត ដែលមានកេនយ៉ា ផងដែរនោះ បានរួបរួមគ្នា បញ្ជូនកំលាំង ទៅសូម៉ាលី ដើម្បីប្រយុទ្ធបង្ក្រាបពួកនេះ នៅចុងឆ្នាំ ២០១១។
ដូច្នេះ មូលហេតុចំបង ដែលពួកហ្សេបាប់ មកកាប់សំលាប់មនុស្សនៅកេនយ៉ា គឺគ្មានអ្វី ក្រៅពីចង់សងសឹកនោះទេ។ សាក្សី ម្នាក់ដែលបាននៅរស់ជីវិត ពីការកាប់សម្លាប់ បាននិយាយប្រាប់ថា មុននឹងពួកនេះ ចាប់ផ្តើមសំលាប់និស្សិត ពួកវាបានស្រែកថា នេះហើយជាលទ្ធផលដែល កេនយ៉ា បានបញ្ជូនកំលាំងទៅវាយក្រុមហ្សេបាប់ នៅសូម៉ាលី។
យ៉ាងណាមិញ នៅក្នុងសារគម្រាមកំហែង ដែលពួកវា បានបញ្ជូនមកនៅថ្ងៃសៅរ៍ ទី ៤ មេសា គឺបញ្ជាក់យ៉ាងច្បាស់ថា ពួកនេះចង់សងសឹកទៅលើរដ្ឋាភិបាល និងប្រជាជនកេនយ៉ាទាំងមូល។ ក្នុងសារនេះ ពួកហ្សេបាប់គម្រាមថា ពីថ្ងៃនេះទៅ សង្គ្រាម និងបង្ហូរឈាមប្រជាជនកេនយ៉ា ទូទាំងប្រទេស ហើយពួកវានឹងធ្វើការកាប់សម្លាប់ ដោយគ្មានញញើតអ្វី ទាំងអស់។ ពួកវាថា ពួកវា នឹងសងសឹកឲ្យក្រុមអ៊ីស្លាមគ្នាវា ដែលត្រូវបានសម្លាប់នៅសូម៉ាលី ដោយកងកម្លាំងរបស់កេនយ៉ា ហើយថា ដរាបណា កេនយ៉ានៅតែវាយប្រហារក្រុមហ្សេបាប់នៅសូម៉ាលី ពួកវានឹងនៅតែបន្ត កាប់សម្លាប់ប្រជាជនកេនយ៉ា។ ពួកវា បានបន្ថែមថា ពួកវានឹងបន្ត ធ្វើការវាយប្រហារតាមសាលារៀន ទីផ្សារ និងទីកន្លែងសាធារណៈផ្សេង ទៀត ទូទាំងកេនយ៉ា។
ហ្សេបាប់អន់ ព្រោះធ្វើបាបកេនយ៉ាដែលទន់ជ្រាយ៖
ពួកអ៊ីស្លាមហ្សេបាប់ មិនមែនជ្រើសរើសធ្វើប្រតិបត្តិការនៅកេនយ៉ា ដោយចៃដន្យទេ។ វាជាការវាយឆ្មក់ ក្នុងគោលបំណង ធ្វើឲ្យមានចលាចល នៅក្នុងប្រទេសកេនយ៉ា និងនៅតាមបណ្តាប្រទេសក្បែរខាងផ្សេងទៀត។ ចលាចលយ៉ាងម៉េច គឺចលាចល ដោយសារពួកវា បានបង្ហាញពីភាពព្រៃផ្សៃរបស់ពួកវា ហើយតាមរយៈការកាប់សម្លាប់នេះ ពួកហ្សេបាប់ ចង់ល្បីលេចមុខលេចមាត់ អួតគេឯងថា ពួកវាខ្លាំង និងសាហាវមិនចាញ់ក្រុមអ៊ីស្លាមជ្រុលនិយមផ្សេងទៀតទេ។
ប៉ុន្តែ បើយើងវិភាគឲ្យល្អិតល្អន់ទៅ ពួកនេះមិនសូវជាមានកម្លាំង ខ្លាំងក្លាប៉ុន្មានទេ គឺដោយសារតែក្រុមនេះ បានជ្រើសរើសវាយប្រហារលើកេនយ៉ា ដែលជាប្រទេសទន់ខ្សោយ។ ពួកហ្សេបាប់នេះ អត់ដែលហ៊ានទៅលោតជាមួយប្រទេស អេត្យ៉ូពី ដែលគេមានទាហានរឹងមាំ និងមានវិន័យតឹងរឹងទេ។ ហើយបើ ប្រទេសអ៊ូហ្គង់ដាវិញ វារៀងនៅឆ្ងាយពីសូម៉ាលី ដែលក្រុមនេះ គ្មានលទ្ធភាពទៅដល់។ ពួកហ្សេបាប់ ជ្រើសរើសយកទីក្រុងហ្គារីសា ក្នុងប្រទេសកេនយ៉ា ព្រោះថាវានៅក្បែរព្រំដែនសូម៉ាលី ហើយទីក្រុង នេះទៀតសោត មានបង្កប់បក្សពួកគ្នាវាច្រើនណាស់។
អ្នកវិភាគជាច្រើន បានយល់ស្របគ្នាថា ក្រុមហ្សេបាប់អ៊ីស្លាមនេះ បានបាក់កម្លាំងទៅហើយ ហើយពួកវា មិនមានលទ្ធភាពឯណា ទៅធ្វើប្រតិបត្តិការនៅទីឆ្ងាយទេ គឺធ្វើបានតែនៅក្បែរផ្ទះពួកវានឹងឯង។ ពួកវាឆ្មក់វាយប្រហារកេនយ៉ា ដោយសារកេនយ៉ាទន់ជ្រាយ គ្មានកំលាំងគ្រប់គ្រាន់ នឹងការពារខ្លួន ហើយជាពិសេស កេនយ៉ាខ្លួនឯង កំពុងតែមានជំងឺមហារីក ដោយសារតែអំពើពុករលួយស៊ីរូងផ្ទៃក្នុង។ អំពើពុករលួយនៅកេនយ៉ា បានធ្វើឲ្យប្រទេសនេះ បាក់កម្លាំង ព្រោះ ក្នុងជួរកងទ័ព សុទ្ធសឹងតែជាមនុស្សអសមត្ថភាព គ្មានវិន័យច្បាស់លាស់ ហើយពេលមានការ អាសន្នម្តងៗ ទាហានក៏គ្មាន គ្រឿងប្រដាប់អាវុធក៏គ្មាន។ ទាំងនេះ ហើយបានជាធ្វើឲ្យ ក្រុមហ្សេបាប់នេះ បានចិត្ត ធ្វើការវាយប្រហារទៅលើកេនយ៉ា។
គោបាត់ទើបធ្វើរបង៖
ក្រោយហេតុការណ៍នេះ រដ្ឋាភិបាលកេនយ៉ាង ចង់ធ្វើរបងខណ្ឌ តាមព្រំដែន ដើម្បីកុំឲ្យពួកហ្សេបាប់ ចូលមកក្នុងដីកេនយ៉ា។ អ្នកវិភាគទាំងអស់ គ្មាននរណាយល់ស្រប នឹងគំនិតនេះទេ។ គេរិះគន់ថា រដ្ឋាភិបាលកេនយ៉ា គ្មានសមត្ថភាព ប្រឈមមុខជាមួយនឹងការពិត ព្រោះថាបិទព្រំដែន មិនមែនអាចបញ្ចប់បញ្ហា ជាមួយពួកហ្សេបាប់ដោយងាយៗនោះទេ។ ពួកនេះមានគ្នាវាសុទ្ធសឹងជាជនជាតិកេនយ៉ា សំងំនៅពាសពេញប្រទេសទៅហើយ។ កេនយ៉ា គួរណាតែ ពិចារណា រកដំណោះស្រាយលើបញ្ហាស្នូល ឫសគល់ ដែលបណ្តាលឲ្យក្រុមអ៊ីស្លាមកេនយ៉ា នាំគ្នា ទៅចូលដៃចូលជើងជាមួយក្រុមហ្សេបាប់ និងក្រុមអ៊ីស្លាមផ្តាច់ការ ផ្សេងទៀត។
បិទព្រំដែនជាមួយសូម៉ាលី មិនអាចដោះស្រាយបញ្ហាបានទេ ព្រោះកេនយ៉ា មិនមែនមានជម្លោះជាមួយសូម៉ាលីទេ តែកេនយ៉ា កំពុងតែប្រឈមមុខជាមួយបញ្ហាធំ គឺការគម្រាមកំហែង នៃទ្រឹស្តីជ្រុលនិយមរបស់ក្រុមអ៊ីស្លាមផ្តាច់ការ ដែលជាបញ្ហាតែមួយ ដូចនៅតំបន់ផ្សេងៗទៀតដែរ ដែលកំពុងតែប្រឈមមុខជាមួយក្រុមអង្គការរដ្ឋអ៊ីស្លាម៕rfi/ម៉ូហាម៉េដ គូណូ Mohamed Kuno មេក្រុមអ៊ីស្លាមហ្សេបាប់សូម៉ាលី
ដែលជាអ្នកដឹកនាំការកាប់សម្លាប់មនុស្ស១៤៨នាក់ នៅកេនយ៉ា
កាលពីថ្ងៃ ទី២ មេសា