ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា ស្នើដល់ប្រតិបត្តិករទេសចរទូទៅ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឈានដល់រួមសហការគ្នាអភិវឌ្ឍ ឬបង្កើតតំបន់ទេសចរណ៍ថ្មីៗឲ្យបានច្រើនទីតាំងបន្ថែមទៀត សម្រាប់ផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះបានច្រើនថែមទៀតនាថ្ងៃខាងមុខ។
ដើម្បីឆ្នើយតបទៅនឹងសំណើរនេះ ក្រុមហ៊ុន អូរត្រេះអ៊ិនវេស៍មិន ដែលកំពុងវិនិយោគ ប្របតាមតំបន់ ឆ្នេរសមុទ្រអូរត្រេះ មានប្រវែង ១៧០០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ ។ ក្រុមហ៊ុនមួយនេះបានរៀបចំ សួនច្បារមានដាំផ្កា និងធ្វើខ្ចុះអោយមាន សោភណ្ឌភាព ស្រស់បំព្រង សំរាប់អោយភ្ញៀវអង្គុយលេងនិងដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធអង្គុយសំឡឹង មើលផ្ទៃសមុទ្រ និងកោះតូចធំនៅទីនោះ មិនត្រឹមតែប៉ុណ្ណឹងទេភ្ញៀវក៏អាចចុះងូតទឹកលេងកំសាន្តបានផងដែរ។
អ្នកស្រី គឹម ហួង ជាភ្ញៀវមកពីខេត្តកំពង់ឆ្នាំងបានបានប្រសាសន៍អោយដឹងថា រាល់ថ្ងៃឈប់សំរាក ឬថ្ងៃមានបុណ្យទាន អ្នកស្រីតែងតែនាំក្រុមគ្រួសារ ចូលមកសំរាកលំហែរ លេងនៅក្រុង ព្រះសីហនុ ដើម្បីងូតទឹកលេងកំសាន្តនិងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅក្នុងតំបន់ឆ្នេរសមុទ្រ អូរត្រេះ នេះ ព្រោះទីនេះមានបរិស្ថានស្អាតមានអនាម័យល្អមានសួនច្បារលំអរដោយផ្កាចម្រុះពណ៌ មានខ្ចុះសំរាប់អង្គុយលេង និងមានសុវត្ថិភាពថែមទៀតផង។
លោក ស្រី គឹម ហួង បន្តថា សូមធ្វើការផ្សព្វផ្សាយអោយបងប្អូនភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកទាំងអស់ចូលមកលេងកំសាន្តនៅក្នុងក្រុងព្រះសីហនុអោយបានច្រើន ព្រោះទីក្នុងព្រះសីហនុនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍគួរអោយកត់សំគាល់ច្រើនកន្លែងមែនទែន ដួចជា ធ្វើផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវ នៅពេលយប់ និងមានសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធដាក់កំលាំងយាមកាមយ៉ាងយកចិត្តទុកដាក់ ជូនភ្ញៀវចូលមកលេងនៅខេត្តទេសចរណ៍ជាប់មាត់មុទ្រមួយនេះ។
ចំណែកបងប្រុស ឈ្មោះ ថៃ គឹម សេង ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានមានប្រសាសន៍ថា ពេលមាន បុណ្យទាន បងប្រុសតែងតែនាំគ្រួសារចូលមកសំរាកកំសាន្តលេងនៅឆ្នេរសមុទ្រ អូរត្រេះនេះ បើមិនអីចឹងទេ បងប្រុសនាំគ្រួសារទៅលេងនៅកោះរ៉ុងតែម្តង។
សូមបញ្ជាក់ថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) មានខ្សាច់សស្អាត ទឹកសមុទ្រថ្លា ឆ្នេររាក់ ទឹកធ្លាក់ ផ្កាថ្ម ឧទ្យានជាតិ និងមានកោះចំនួន ៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាត ជាសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍គួរឲ្យមោទនភាព៕