ឆេះ​រោង​សិប្បកម្ម​ផលិត​ទឹកកក នៅ​ស្រុក​កៀនស្វាយ ទាំងយប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2018 ក+ ក-

​កណ្តាល​: រោង​សិប្បកម្ម​ផលិត​ទឹកកក មួយកន្លែង​នៅ​ស្រុក​កៀនស្វាយ ត្រូវបាន​អគ្គិភ័យ​ឆាប ឆេះ​ទាំងយប់ ដោយសារ​លំអង​ភ្លើង​ចេញពី​បំពង់​បង្ហុយ​ជះ​ទៅលើ​គំនរ​អុស​នៅលើ​ស្កាក ។ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃ​តី ២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណូ​ច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា រោង​ស​បិ​ប្ប​កម្ម​ផលិត​ទឹកកក ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ មាន​ម្ចាស់​ឈ្មោះ ហេង ឆេង​អៀង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀន​ស្វ​សយ ខេត្តកណ្តាល ។

​ប៉ូលិស​បាន​បន្ថែមថា ភ្លើង​បាន​ឆេះ​គំនរ​អុស ដោយសារ​លំអង​ភ្លើង​ចេញពី​បំពង់​បង្ហុយ​របស់ ម៉ាស៊ីន ជះ​ទៅលើ​គំនរ​អុស​នៅលើ​ស្កាក​បណ្តាលអោយ​ឆេះ​សន្ធោរ​សន្ធៅ​ឡើង​។ ពេល​កើតហេតុ ប្រជាជន​នៅក្បែរនោះ​បានឃើញ ក៏​ស្រែកហៅ​ម្ចាស់​សិប្បកម្ម និង​ជួយ​អន្តរាគមន៍​ពន្លក់​ទាន់​ពេល មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ​។​

​ប៉ូលិស​បាន​បញ្ជាក់ថា ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក និង​ខេត្ត មកដល់ បាន​រាយ​ទុយោ ជួយ​ពន្លត់​តែ​ម្ចាស់​សិប្បកម្ម​ស្នើសុំ​ថា មិនបាច់​បាញ់​ទេ​ពួកគាត់​ពន្លត់​បាន​ហើយ ៕