ភ្នំពេញ ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគ្រូបង្រៀន មន្ត្រីរាជការ និងបុគ្គលិកអប់រំក្នុងរាជ ធានីភ្នំពេញជាង៣ពាន់៨រយនាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមីនា នៅសាលមហោស្រពកោះពេជ្រ សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់អំពី តំលៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលបាន បញ្ចប់សង្គ្រាមផ្ទៃក្នុងនៅប្រទេសកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញរហូតមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។
ទន្ទឹមនេះ សម្តេចតេជោនាយក រដ្ឋមន្ត្រី បាន ពន្យល់ថា មានចំណុចសំខាន់ៗ ចំនួន៣ ដែលធ្វើអោយគោល នយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យក្នុងការបភញ្ចប់សង្គ្រាម និងធ្វើការបង្រួបង្រួមជាតិឡើងវិញបាន ក្នុងនោះ ៖ ទី១) គឺការធានាការពារអាយុជីវិតប្រជាពលរដ្ឋដែលចូលរួមធ្វើសមាហរណកម្ម។ ទី២) ការរក្សា អាជីព និងមុខរបររបស់ប្រជាពលរដ្ឋអោយនៅដដែល ។ ទី៣) ការរក្សានូវកម្មសិទ្ធិ រួមទាំង ទ្រព្យ សម្បត្តិទាំងឡាយរបស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ដោយប្រជាពលរដ្ឋអាចរស់នៅ និង ប្រកបការងារនៅទីតាំងដដែល ។
ដូចនេះហើយ សម្តេចចាត់ទុកថា លក្ខ័ណ្ឌទាំង ៣នេះ បានធ្វើ ឲ្យ ប្រជាពលរដ្ឋពីរបបកម្ពុជាប្រជាធិបតេយ្យ ចុះចូលធ្វើសមាហរណកម្មជាមួយជារាជរដ្ឋាភិបាលគ្រប់ទីកន្លែងទូទាំងប្រទេសនាពេលនោះ ទើបឈានទៅធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព មកដល់ពេលបច្ចុប្បន្ន។
ដោយឡែក ចំពោះវិស័យអប់រំ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិ បាល នៅតែបន្តគិតគូយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ អោយកាន់តែមានគុណភាពប្រសើរឡើងបន្ថែមទៀត ជាពិសេសរាជរដ្ឋាភិបាល នឹងបន្តគោលនយោបាយ បង្កើនប្រាក់បៀវត្សរ៍ទៀង ទាត់ ជូនដល់គ្រូបង្រៀន មន្ត្រីរាជការ និងបុគ្គលិកអប់រំ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បាន ប្រកាសផងដែរថា ចូលដល់ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ មន្ត្រីរាជការ ក៏ដូចជា លោកគ្រូអ្នកគ្រូនឹងទទួលបានការដំឡើងប្រាក់ខែម្តងទៀត ដែលនឹងត្រូវបើកមុនចូលឆ្នាំខ្មែរ ហើយបន្ថែមពីនោះ ក៏មានថវិកាចំនួន៥ម៉ឺនរៀលទៀតដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ពិធីបុណ្យ ចូលឆ្នាំខ្មែផង ដែរ។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍ ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ២ដងក្នុង១ឆ្នាំ ដោយ ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើង អត្រាកំណើន១២% នៃប្រាក់បៀវត្ស គោល និងការដំឡើងលើកទី២ នៅក្នុងខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ៕