រតនគិរី ៖ សពយុវតីម្នាក់ ត្រូវសាច់ញាតិរកឃើញដេកស្លាប់យ៉ាងអណោចអាធម្ម នៅក្បែរគុម្ពចេកគៀនចំការកៅស៊ូ បន្ទាប់ពីម្ដាយ បានបាត់កូនពីផ្ទះមួយយប់មួយថ្ងៃមកនោះ។
លោក ហាក់ ហ័ន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះពិនិត្យធ្វើកោសល្យវិច្ច័យលើសពស្រី្តម្នាក់ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាក់ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រង់ចំណុចចុងចំការកៅស៊ូ របស់ឈ្មោះ ចាប ណារិន ក្បែរគុម្ពចេក ចំងាយប្រមាណជាង៦០០ម៉ែត្រពីផ្ទះ ចាំចំ ការ ដែលជនរង្គ្រោះរស់នៅ។សពជនរង្គ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើត នៅឃុំកាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម
មកស្នាក់នៅធ្វើជាកម្មករជៀរជ័រកៅស៊ូ ក្នុងភូមិកើតហេតុខាងលើ។
តាមការឲ្យដឹងពីម្ដាយជនរង្គ្រោះថា គាត់មករកស៊ី ចាំចំការអោយគេស្នាក់ក្នុង ផ្ទះចំការហើយគាត់រស់នៅមានគ្នា៤នាក់ម្ដាយកូន។ នៅថ្ងៃទី២៤ ខែមិនា ជាថ្ងៃកើតហេតុ កូនស្រីគាត់នៅផ្ទះម្នាក់ឯង(ជនរង្គ្រោះ) កូនប្អូនទៅរៀន រីឯបងប្រុសចេញទៅធ្វើការនៅក្រៅបន្ទាប់ពីកៅស៊ូត្រូវផ្អាកជៀរជ័រ ចំណែករូបគាត់ផ្ទាល់បានទៅផ្សារ ប្រហែលជា២ម៉ោង ពេលត្រឡប់មកដល់ផ្ទះវិញប្រហែលជាម៉ោង១០ ស្រាប់តែបាត់កូនស្រី ឃើញបាយដាំឆ្អិនក្ដៅ ក៏ស្រែកហៅរកកូនតែមិនឃើញ។ គាត់ក៍បានទៅពឹងសាច់ញាតិជិតខាងដើររក ព្រមទាំងទូរស័ព្ទចូលកូនស្រីគាត់(ជនរង្គ្រោះ)តែមិនមានអ្នកលើក គាត់ក៏ទៅប្ដឹងនគរបាលប៉ុស្ដិ៍អោយជួយដែរតែរកមិនឃើញ តែពួកគាត់នៅតែបន្តទូរស័ព្ទចូលកូនស្រីគាត់នៅតែចូលរហូតដល់ម៉ោង៨ ទៅ៩យប់ ទើបខលលែងចូល។ លុះព្រឹកឡើងពួកគាត់បន្តដើររុករកទៀត ទៅដល់ចំណុចកើតហេតុ ស្រាប់តែឃើញស្បែកជើងមួយចំហ៊ាង ទើបរកបន្តទៀតក៏ឃើញសពកូនដេកស្លាប់ផ្កាប់មុខ ពាក់អាវ អាក្រាតល្វែងក្រោមគួរអោយអាសូរបំផុត។
លោកឧត្តមសេនីយ៍ត្រី ផែន ឌី ណា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួច ពីលោកគ្រូពេទ្យ និងនគរបាលជំនាញ សពជនរង្គ្រោះត្រូវគេរំលោភសម្លាប់ ដោយប្រើដំបងបួនជ្រុងវាយពីលើក្បាល និងផ្នែកខាងក្រោយកញ្ចឹងក នឹងវ៉ៃចំគុំថ្គាមថែមទៀតបណ្ដាលឲ្យដាច់រយាស់ ព្រមទាំងបាក់កស្លាប់តែម្ដង។
ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកផងដែរ ករណីរំលោភសម្លាប់ក្នុងខេត្តរតនគិរី មានការកើនឡើងគួរព្រួយបារម្មណ៍ គ្រាន់តែចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ នេះករណីរំលោភសម្លាប់មាន ៤ករណីមកហើយ៕