ភ្នំពេញ ៖ ខណៈដែលអាជីវកម្មទិញ ម៉ាកយីហោ ពីបរទេស កំពុង សំរុកចូលក្នុងទីផ្សារប្រទេសកម្ពុជា ជាបន្តបន្ទាប់ ម្ចាស់ធ្វើអាជីវកម្ម Franchise នៅក្នុងស្រុកក៏កំពុងខិតខំប្រឹងប្រែង បង្កើតម៉ាកយីហោផ្ទាល់ខ្លួន ដើម្បីប្រកួតជាមួយម៉ាកយីហោដែលនាំចូលពីបរទេសដែរ ៖
នៅក្នុងពិធីជួបជុំរវាង ពាណិជ្ជករដែលជាម្ចាស់អាជីវកម្មម៉ាកយីហោក្នុងស្រុក កាលពីថ្ងៃទី ២៥ មីនា លោក Shabbir Godil ដែលជាអ្នករៀបចំអោយមានការជួបជុំនេះ បានលើកឡើងថា អាជីវកម្ម Franchise ក្នុងស្រុកអាចទទួលបាននូវការការពារច្រើនជាង និងមានហានិភ័យតិចជាងអាជីវកម្មដែលទិញម៉ាកយីហោពីបរទេស ព្រោះ អាជីវកម្ម Franchise នៅក្នុងស្រុក នៅពេលមានបញ្ហាណាមួយ ម្ចាស់អាជីវកម្មអាចដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា។ ម្យ៉ាងទៀត ការទិញម៉ាកយីហោក្នុងស្រុកដើម្បីយកទៅធ្វើអាជីវកម្មបន្ត ក៏ចំណាយថវិកាអស់តិចដែរ ទាំងការរៀបចំទីកន្លែង និងយុទ្ធសាស្ត្រ ដោយសារ មានការគាំទ្រពីម្ចាស់ម៉ាកយីហោដើមស្រាប់។ ដូចគ្នានេះ លោក ដួង តារា ស្ថាបនិកហាងកាហ្វេមីស្ទ័រប្រ៊ូ បានអោយដឹងថា ជាទូទៅមានមនុស្សជាច្រើនបានអោយតម្លៃទៅលើ ម៉ាកយីហោដែលនាំចូលពីបរទេសក៏ប៉ុន្តែបច្ចុប្បន្នម៉ាកយីហោក្នុងស្រុកក៏មិនចាញ់ម៉ាកយីហោពីក្រៅស្រុកប៉ុន្មានដែរ ។
ជាក់ស្ដែងគេមើលឃើញថាអាជីវកម្ម Franchise ក្រៅស្រុក និងក្រៅស្រុកស្ទើរតែដើរទន្ទឹមគ្នាទៅហើយ ។ លោកគិតថារយៈពេល៥ឆ្នាំខាងមុខទៀតអាជីវកម្ម Franchise ក្រៅស្រុកអាចនឹងនៅក្រោម Franchise ក្នុងស្រុកវិញ ព្រោះអាជីវករក្នុងស្រុកបានយល់ដឹងកាន់តែច្បាស់ពីអាជីវកម្ម Franchise ហើយអាជីវករក្នុងស្រុកក៏ច្បាស់ជាង នូវចំណង់ចំណូលចិត្តនិងទំនៀមទំលាប់អតិថិជនក្នុងស្រុកដែរ ។ លោកបន្តថា អាជីវកម្ម Franchise ក្នុងស្រុកមានគុណសម្បត្តិច្រើនជាងអាជីវកម្មក្រៅស្រុក ជាក់ស្ដែងទី១ចំណាយដើមទុនតិចក្នុងការធ្វើអាជីវកម្ម ទី២ អ្នកនៅក្នុងស្រុកអាចនឹងគាំទ្ររបស់ក្នុងស្រុកច្រើន ជាងការនាំពីក្រៅប្រទេស ហើយទី៣ដោយសារតែម្ចាស់ Franchise ក្នុងស្រុកដឹងច្បាស់ពីប្រពៃណី និងទំនៀមទំលាប់អតិថិជនក្នុងស្រុក ដូចនេះនៅពេលមានបញ្ហាប្រឈមណាមួយគេអាចដោះស្រាយបានទាន់ពេលវេលា និងមិនធ្វើអោយអាជីវកម្មដួលរំលំដោយងាយ ដែលខុសពីការយកម៉ាកក្រៅស្រុកមកធ្វើអាជីវកម្ម នៅពេលមានបញ្ហាណាមួយត្រូវរង់ចាំ ការប្រឹក្សាពីខាងក្រៅប្រទេសសិនទើបអាចសម្រេចបាន ៕