ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងមូល ក្នុងប្រទេសកម្ពុជា គឺ កើតឡើងដោយសារបាតដៃរបស់កម្ពុជា មិនមែនដោយសារត្រឹមតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស រឺ កម្លាំងរបស់បរទេសនោះទេ ។
នៅក្នុងពិធីបើកការដ្ឋានស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងបាត់ដំបងទៅក្រុងសិរីសោភ័ណ្ឌ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងរំលឹកថា ក្រោយពេលដែលកម្លាំង អ៊ុនតាក់ បានដកចេញពីកម្ពុជា គឺសង្គ្រាមផ្ទៃក្នុងនៅតែបន្តកើតមាននៅឡើយនាពេលនោះ ជាពិសេសក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
ត្រង់ចំនុចនេះ សម្តេចបានបញ្ជាក់ថា ជាការពិតនៅក្នុងដំណាក់កាលចុងក្រោយ ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងមូលបានក្នុងប្រទេសកម្ពុជា គឺមិនមែនដោយសារត្រឹមតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស រឺ កម្លាំងរបស់បរទេសនោះទេ គឺកើតឡើងដោយសារបាតដៃរបស់កម្ពុជាតែខ្លួនឯង។ ទន្ទឹមនេះ សម្តេច នាយករដ្ឋមន្ត្រី បានលើកឡើងថា ជាទូទៅអ្នកសរសេរប្រវត្តិសាស្ត្រ រឿងនេះមិនត្រូវសរសេររំលង ត្រង់ដំណាក់កាលចុងក្រោយនៃការបញ្ចប់សង្គ្រាមដោយសារគោលនយោបាយឈ្នះឈ្នះនោះទេ។
សម្តេចតេជោ ថ្លែងថា អីចឹងបានអោយឃើញពីប្រវត្តិ មិនមែនបញ្ហារឿងចង់បានទាំងកិច្ចព្រមព្រៀងក្រុងប៉ារីស រឿងចង់បានទាំងសន្តិភាព ការបង្រួបបង្រួបជាតិ និងលិទ្ធិប្រជាធិបតេយ្យ….ប៉ុន្តែដំណាក់កាលចុងក្រោយដែលបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងមូលគឺដោយសារបាតដៃខ្មែរ មិនមែនបាតដៃបរទេសនោះទេ។
នៅក្នុងដំណើរការបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ដែលឈានទៅដល់ការបង្រួបបង្រួមខ្មែរតែមួយ និងមានសន្តិភាពពេញលេញនោះ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា គឺកើតឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករាជរដ្ឋាភិបាល និងកម្លាំងប្រឆាំងនាពេលនោះ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងពន្យលថា ការទទួលបានជោគជ័យនៃគោលនយោបាយឈ្នះឈ្នះ នាពេលនោះ គឺដោយសារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៌៣ចំនុច គឺទី១ ការរក្សាអាយុជីវិតប្រជាជនដែលធ្វើសមាហរណកម្ម! ទី២ ការធានាមុខរបរ និងអាជីពរស់អ្នកទាំងនោះដដែលក្រោយពេលធ្វើសមាហរណកម្ម! និងទី៣ ការធានាកម្មសិទ្ធទាំងអចលនទ្រព្យ និងចលនទ្រព្យ។
បន្ថែមពីនោះ ក្នុងគោលនយោបាយឈ្នះឈ្នះ ក៏បានកំណត់ថា ការធ្វើសមាហរណកម្មនយោបាយ និងរដ្ឋបាលមិនគ្រប់គ្រាន់ទេ គឺត្រូវមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាដើម ដូចនេះទើបរាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យនេះជាអាទិភាព៕