ភ្នំពេញ ៖ ហាងម៉ាស្សាកោសជប់តម្លៃ១ម៉ឺនរៀល បានរីកឡើងដូចផ្សិត នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ ៣ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារទទួលបានការគាំទ្រពីសំណាក់ក្រុមអ្នកដើរលេងយប់។
គេមិនអាចដឹងបានងាយៗ ពីអាថ៌កំបាំងក្នុងហាងម៉ាស្សាកោសជប់ ទាំងនោះថា តើណាមួយមានបង្កប់នូវសេវាបម្រើផ្លូវភេទ ឬអត់នោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហា ដែលបានកើតឡើងក្នុង ពេលកន្លងមក ជាបន្តបន្ទាប់នោះគឺហាងទាំងនោះតែងតែ បន្លំលួចលុយភ្ញៀវជាញឹកញាប់ ហើយមានភ្ញៀវ ជាច្រើននាក់មកហើយ ដែលបានរងគ្រោះព្រោះការលួចលុយ ពេលចូលទៅដល់ទីនោះ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានប្រាប់ថា ចាប់ពីវេលាម៉ោង ៧យប់ឡើងទៅ មានពន្លឺភ្លើងនៃស្លាកយីហោ «កោសជប់ ម៉ាស្សា តម្លៃ១០.០០០៛» បានភ្លឺព្រោងព្រាតចាប់ពីគោលស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ដោយឡែកក្រុមអ្នកដើរលេងយប់ និងអ្នកស្វែងរកសេវាកោសជប់ និងម៉ាស្សា ក៏មានជាហូរហែនៅតាមហាង ម៉ាស្សាកោសជប់ទាំងនោះ និងមានអ្នកខ្លះក៏បានស្វែងរកសេវាផ្លូវភេទនៅទីនោះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា អ្នករកស៊ីបើកហាង ម៉ាស្សាកោសជប់តម្លៃ១០.០០០រៀលទាំងនោះ ក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះដែរ តែក៏មានមួយ ចំនួនធំផងដែរដែលរកស៊ីតាមទុច្ចរិត ពួកគេបានរៀបចំសេណារីយោ ត្រូវដងត្រូវផ្លែគ្នារវាងថៅកែហាង ជាមួយស្ត្រីដែលជាបុគ្គលិកបម្រើការងារនៅក្នុងនោះ ក្នុងការលួចលុយភ្ញៀវ ឬក៏បន្លំយកលុយសែនដូរយក លុយពិតប្រាកដរបស់ភ្ញៀវជាហូរហែ។
បុរសដដែល បន្តថា អ្នកដែលចូលចិត្ ចូលទៅកាន់កន្លែងទាំងនេះ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទ្រព្យសម្បត្តិរបស់ខ្លួនដូចជាម៉ូតូជាដើម ព្រោះនៅក្នុងហាងទាំងនោះគ្មានសន្តិសុខយាមទេ ហើយកុំពឹងក្រុមនារីកោសជប់ ស្រួលមិនស្រួលអាចស៊ីដាច់ម៉ូតូបាត់ទៀតផង និងមួយទៀតកាបូបលុយ ឬគ្រឿងអលង្ការផ្សេងៗ ព្រោះក្រុមអ្នក រកស៊ីកោសជប់ម៉ាស្សាទាំងនោះ គឺជាក្រុមដៃស្អិតតែងតែយកលុយក្លែងក្លាយទៅប្តូរយកលុយភ្ញៀវ ដល់ពេលដឹងថាបាត់ មិនដែលយកបានមកវិញទេ មានតែការខូចតែឈ្មោះនិងខ្មាសគេប៉ុណ្ណោះ ដូច្នេះកុំប្រហែសឱ្យសោះ។
តាមការបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើទាំងនេះបានធ្វើរកស៊ីបែបនេះជាយូរមក ហើយៗខាងអាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធមិនបានហៅមកព្រមាន និងធ្វើ កិច្ចសន្យា ឱ្យបញ្ឈប់ការបន្លំលុយភ្ញៀវម្តងណាទេ ទុកអោយម្ចាស់ហាងទាំងនោះនៅតែបន្ដការបន្លំលុយភ្ញៀវដដែល ទោះបីជាមានភ្ញៀវមកប្តឹងសមត្ថកិច្ចជាញឹកញាប់ក៏ដោយ តែបានមកវិញបានត្រឹមតែភាពអាមាស់ប៉ុណ្ណោះ៕