បាត់ដំបង: ជនសង្ស័យជាមុខសញ្ញាកាច់សោរកម៉ូតូយ៉ាងសកម្មក្នុងខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប ចំនួន៣នាក់ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការបង្ហាញមុខហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួនខាងលើរួមមាន៖
ទី១ ឈ្មោះ ឡាំ បូរី ហៅ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ
ទី២ ឈ្មោះ ឡាំ សុភ័ក្ត្រ ហៅ ឡូយ ភេទប្រុស អាយុ៣៥ឆ្នាំទាំងពីរនាក់បងប្អូនរស់នៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត
ទី៣ ឈ្មោះ ភឹម ពៅ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
វត្ថុតាងដកហូតបានរួមមាន៖
-សោរម៉ូតូម៉ាកហុងដាចំនួន៣ -សោរសម្រាប់កាច់សោរម៉ូតូចំនួន៧ -សោររាងអក្សរTសម្រាប់កាច់សោរម៉ូតូចំនួន១ -សោរសម្រាប់ដោះស្លាកលេខចំនួន២ -ស្លាកលេខម៉ូតូចំនួន២ -និងរថយន្តម៉ាកកាម៉ារីបាឡែនចំនួន១គ្រឿង។
លោកបន្តបញ្ជាក់ថា៖ជនសង្ស័យខាងលើត្រូវបានកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនកាលពីរសៀល
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ខណះដែលពួកគេធ្វើដំណើរតាមម៉ូតូនិងរថយន្តផ្ទាល់ខ្លួនចេញពីក្រុងភ្នំពេញឆ្ពោះមកកាន់ខេត្តបាត់ដំបង។
លោកបានបន្តទៀតថា៖ក្រោយពីធ្វើការឃាត់ខ្លួនយកមកសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនគឺជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ហើយក្រោយមកក៏បាននាំគ្នាជិះរថយន្តនិងម៉ូតូធ្វើសកម្មភាពកាច់សោរកម៉ូតូបាន៩ករណីទៅលើខេត្តចំនួន៣ ក្នុងនោះ ខេត្តសៀមរាប១ករណី ខេត្តប៉ៃលិន១ករណី និងខេត្តបាត់ដំបង៧ករណី៕ សុផល
នគរបាលខេត្តបាត់ដំបងធ្វើការបង្ហាញ មុខសញ្ញាកាច់សោរកម៉ូតូ៣នាក់