ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងមូលនិធីរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នៅខែតុលាឆ្នាំ ២០១៨ នេះ។
គារអញ្ជើញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចតេជោ បានអនុញ្ញាតឲ្យលោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្ររបស់ឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី២៧ ខែមីនា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
លោក Luhut Binsar Pandjaitan បានលើកឡើងថា មូលហេតុនៃការគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមគឺដោយសារថាកម្ពុជាមានកំណើនសសេដ្ឋកិច្ចខ្ពស់ ៧ ភាគរយក្នុងរយៈពេលជាងពីទសវត្ស។ ដូចនេះ វត្តមានរបស់ម្តេចតេជោ ហ៊ុន សែន និងឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមពីកម្រិតទាបបំផុត ក្លាយជាប្រទេសដែលជាប់លំដាប់ថ្នាក់ទី៦ លើពិភពលោកក្នុងកំណើនសេដ្ឋកិច្ច។ មោទនភាពរបស់កម្ពុជាគួរត្រូវបានបង្ហាញឲ្យតំបន់ និងពិភពលោកបានដឹងផងដែរ។
នៅក្រោយជំនួបសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនេះ លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ឲ្យដឹងថា ឲ្យលោក Luhut Binsar Pandjaitan បានពាំនាំនូវការគោរពអញ្ជើញពីប្រធានាធិបតីឥណ្ឌូនេស៊ី ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងមូលនិធីរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នៅខែតុលាឆ្នាំ ២០១៨ នេះ៕