ព្រះសីហនុ ៖នៅពេលឈប់សំរាកពីការងារ មន្ត្រីរាជការ បងប្អូនមិនជីវករ រួមនិងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងព្រះសីហនុ ពួកគេតែងតែ មកអង្គុយលេង ដើម្បីលំហែអារម្មណ៍ តំបន់ កន្ទុយនាគ ដែលមានទីតាំង ជាប់ឆ្នេរសុខា ស្ថិតក្នុងភូមិ 4 សង្កាត់ 4 ក្រុង-ខេត្តព្រះសីហនុ ។
បើតាមការឲ្យដឹង បងស្រីម្នាក់ឈ្មោះ ស៊ីន សុខ ឃីម បានឱ្យដឹងថាៈ ជារៀងរាល់ថ្ងៃលិច នៅវេលាម៉ោង 5 រហូតដល់ ម៉ោង 7 យប់បងស្រី តែងតែ នាំក្រុមគ្រួសាររបស់គាត់ មកអង្គុយលេង នៅតំបន់កន្ទុយនាគ នេះឯង ដើម្បីស្រូបយកខ្យល់អាកាស ដ៏ល្អបរិសុទ្ធ ដែលបក់ រំភើយៗមកពីផ្ទៃទឹកសមុទ្រ។
បងស្រីបានបន្តថា ការអង្គុយ ស្រូប យកខ្យល់អាកាស នៅទីនេះ មានអារម្មណ៍រំភើបរីករាយ ធូរ ស្បើយពីការនឿយហត់ ក្នុងការប្រកប មុខ របរ លក់ដូរប្រចាំថ្ងៃ។
ចំណែក បងប្រុស ឈ្មោះ ស៊ី ថា ដែលជា មន្ត្រីសាលាខេត្តព្រះសីហនុបានឲ្យដឹងថា ជារៀងរាល់ ល្ងាចបងប្រុស តែងតែ ដឹក កូនប្រពន្ធ មកអង្គុយលេងនៅតំបន់កន្ទុយនាគនេះ ដើម្បីស្រូប យកខ្យល់អាកាស និងគយគន់ទេសភាពនៅជុំវិញបរិវេណកន្ទុយនាគនេះឯង។
មិនខុសគ្នា នោះទេ ស្រី ឈ្មោះ រចនា ជានិស្សិតនៃសាកលវិទ្យាល័យ UME ក្រុងព្រះសីហនុ ក៏បានឲ្យដឹងដែរថា រាល់ពេលឈប់សម្រាកពីការសិក្សា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ប្អូន ស្រីក៏បាននាំ មិត្តភក្តិ មកអង្គុយលេងនៅទីនេះផងដែរ ដើម្បីស្រូប យកខ្យល់អាកាស ដ៏ល្អបរិសុទ្ធ និងបន្ថយភាពតានតឹងផ្លូវចិត្តក្នុង ការសិក្សា បានធូរស្រាលមួយកម្រិតផងដែរ៕