ភ្នំពេញ ៖ មន្ត្រីជានខ្ពស់នៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ អះអាងថា ត្រូវរួមគ្នាបញ្ចប់
ការចម្លងមេរោគអេដស៍ឲ្យបាន នៅឆ្នាំ២០២៥។ ការអះអាងនេះបានធ្វើឡើង នៅក្នុងក្រសួងបរិស្ថាន ដែលជាក្រសួងដំបូងគេ ក្នុងការប្តេជ្ញាបញ្ចប់ការចម្លង មេរោគ អេដស៍ ឆ្នាំ២០២៥។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធជនជំនាន់មុន
ដែលការពារបូរណភាពទឹកដី បានតស៊ូក្នុងសង្គ្រាម មិនមានបាត់បង់ជីវិតទេ។ ប៉ុន្តែបាន
បាត់បង់ជីវិត នៅក្នុងការចម្លងមេរោគអេដស៍ទៅវិញ។
លោក មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីអបអរសាទរ ការប្តេជ្ញាបញ្ចប់AIDs ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹក ថ្ងៃ២៦ខែមីនា។
លោកផ្តល់ឱវាទដល់មន្ត្រីក្នុងក្រសួងថា នៅក្នុងការចូលរួមអភិរក្សបរិស្ថានឲ្យមានចីរភាព
ក្រសួងនេះត្រូវការធនធានមនុស្សជាច្រើន ជួយការពារ។ ហេតុនេះមន្ត្រីជាយុវជន មិនត្រូវ ឲ្យមាន ការចម្លងមេរោគអេដស៍មកខ្លួនឯង ដែលនាំឲ្យបាត់បង់ធនធានមនុស្ស ដែល
ក្រសួងកំពុងត្រូវការចាំបាច់។ ពិសេសទៅទៀត ការចម្លងមេរោគអេដស៍នេះ បានធ្វើឲ្យ
សុភមង្គលគ្រួសារ បែកបាក់ដែរ។
ចំណែកអគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឯកឧត្តមវេជ្ជបណ្ឌិត
តែង គន្ធី មានប្រសាសន៍ថា ក្រសួងបរិស្ថានជាក្រសួងមួយ ដែលឈានមុខគេ ចូលរួម អនុវត្តដំបូងគេក្នុងការប្តេជ្ញាបញ្ចប់AIDs ឆ្នាំ២០២៥។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា នៅលើពិភពលោក ក្នុង១ថ្ងៃមានយុវជន ចម្លងមេរោគអេដស៍ ចំនួនជាង២ពាន់៣រយនាក់។
នៅក្នុងចំណោមអ្នកផ្ទុកមេរោគអេសដ៍ និងអ្នករស់នៅជាមួយជំងឺអេដស៍ជាង៣៧លាននាក់ មានតែ១៩លាននាក់ ដែលបានទទួលថ្នាំពន្យាជីវិត។ ទោះជាមានថ្នាំពន្យាជំងឺនេះក្តី ក៏នៅ លើពិភពលោក មិនមានថ្នាំសម្រាប់ព្យាបាល មេរោគអេដស៍ ឲ្យជាដាច់បានដែរ។
លោកវេជ្ជបណ្ឌិត អះអាងថា តាមការរកឃើញការចម្លងមេរោគអេដស៍ នៅប្រទេស
កម្ពុជាវិញ មានយុវជនចន្លោះពី១៥ ទៅ៤៩ឆ្នាំ បានឆ្លងមេរោគអេដស៍ ជាង៥៨០នាក់
ក្នុងឆ្នាំ២០១៦និង២០១៧។ ការចម្លងមេរោគអេដស៍បច្ចុប្បន្ន គឺកើតចេញពីការឆាប់ទុកចិត្ត
ដៃគូស្នេហាក្នុងពេលតែមួយមិនប្រើស្រោមអនាម័យជាមួតមិត្តប្រុស ស្រីជាដៃគូសេ្នហា រួចទៅស្រឡាញ់ប៉ាៗ ហើយទៅដេកជាមួយតាៗ។ ករណីបែបនេះ គឺបានរកឃើញថា ស្នេហាវិលជុំក្នុងពេលតែមួយនោះ មានការចម្លងមេរោគអេដស៍រហ័ស។
ទន្ទឹមនោះ យុវជនកម្ពុជាភាគច្រើននៅខ្មាសអៀន ក្នុងការប្រើស្រោមអនាម័យក្នុងការ រួមភេទជាមួយដៃគូ។ ការចម្លងមេរោគអេដស៍ថ្មីមួយទៀតដែរ គឺក្រុមស្រឡាញ់ភេទដូចគ្នា មានសន្ទុះនៃការចម្លងមេរោគអេដស៍លឿនជាង អ្នកប្រើគ្រឿងញៀន ប្រើម្ជុលរួមគ្នា។ ប៉ុន្តែ ក្រុមអ្នកប្រើគ្រឿងញៀននោះ បានរួមភេទជាក្រុម ក៏ធ្វើឲ្យមានសន្ទុះនៃការចម្លងAIDs
រហ័សដែរ។
លោក វេជ្ជបណ្ឌិត បានណែនាំឲ្យយុវជនប្រុសស្រី ត្រូវប្រើស្រោមអនាម័យក្នុងការរួមភេទ
មិនត្រូវខ្មាសអៀន ក្នុងការទិញស្រោមអនាម័យប្រើនោះទេ។ ការខ្មាសអៀន នាំឲ្យមានការ
ចម្លងមេរោគអេដស៍ ពីដៃគូស្នេហា មកខ្លួនយើង៕